Social Network

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្តីពី “កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់“ សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

(ត្បូងឃ្មុំ) ៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោក ហ៊ាង សុផល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធីបតីភាព ក្នុងកិច្ចប្រជុំស្តីពី “កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់“ សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋាន នៃគណកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ (ក្នុងបរិវេណសាលាស្រុកពញាក្រែក)។

ក្នុងនោះ ក៏មានការអញ្ជើញរួមពី ឯកឧត្តម លោកជំទាវ លោក-លោកស្រី តំណាងអង្គការ សមាគមន៍ តំណាងគណបក្សទូទាំងខេត្ត អភិបាល អភិបាលរងស្រុក/ក្រុង ទាំង ៧ តំណាងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក គឹម សុខនី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអានរបាយការណ៍ លទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣, ការកែតម្រូវបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាក្នុងតំណែង និងការផ្សព្វផ្សាយសេចក្តីណែនាំរួម លេខ០៥ ស.ណ.ន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ រវាងគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៏សម្រាប់ការបោះឆ្នោត និង គ. ជ.ប ដោយបានសម្តែងអំណរគុណដល់អាជ្ញាធរ ក៏ដូចជាភាគីពាក់ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការយ៉ាងល្អក្នុងដំណើរការបោះឆ្នោតនាពេលកន្លងទៅ។

នាឱកាសនោះ លោក ហ៊ាង សុផល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានលើកឡើងពី ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អំពីការចុះឈ្មោះដាក់ជាភ្នាក់ងារសង្កេតការណ៍ ការដាក់ភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខ និងជម្រាបជូនបន្ថែមដល់អង្គការ សមាគម និងគណបក្សននយោបាយដែល មានបំណងដាក់ភ្នាក់ងារ សូមរួសរាន់នៅក្នុងការចុះឈ្មោះឱ្យបានទាន់ពេលវេលាស្របតាមប្រតិទិនដែល គ.ជ.ប បានដាក់ជូន។

លោកប្រធានលេខាធិការដ្ឋាន បន្តថាការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីបម្រើគោលដៅនៃការពិនិត្យ កែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។

ជនណាក៏ដោយក៏មានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូងនេះបានដែរ បន្ទាប់ពីថ្ងៃបិទផ្សាយ។ ក្នុងនោះ ក៏មានការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង, នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយបណ្ដឹង ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងការប្រើប្រាស់ឯកសារបោះឆ្នោត និងបញ្ជីទីតាំងការិយាល័យបោះឆ្នោត ផងដែរ ។

លោក ហ៊ាង សុផល ក៏បានផ្សព្វផ្សាយនូវសេចក្តីប្រកាសព័ត៌មាន ចំពោះលទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត និងការបិទផ្សាយបញ្ជីគណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយបានធ្វើឡើងដោយគ.ជ.ប នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ ។

បន្ទាប់ពីធ្វើបទបង្ហាញរួច ក៏មានការលើកជាសំណួរ ពីសំណាក់ ភាគីពាក់ព័ន្ធ លោក ហ៊ាង សុផល ប្រធានគណកម្មាការរៀបចំការបោះឆ្នោត បានធ្វើការបកស្រាយយ៉ាងក្បោះក្បាយ ជូនដល់ម្ចាស់សំណួរ ក៏ដូចជាអង្គប្រជុំទាំង ដោយលម្អិតអំពីច្បាប់ បទបញ្ជា នីតិវិធី និងសេចក្តីណែនាំ របស់ គ.ជ.ប ដើម្បីបម្រើអោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅដោយរលូន ។

តមក លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើបទអន្តរាគម អំពីការរៀបចំកងកម្លាំង ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដោយបែងចែកកម្លាំង ជា ២ ផ្នែក រួមមាន ៖ ដំណាក់កាលនៃឃោសនាបោះឆ្នោត និងដំណើរការ នៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជូនអង្គពិធីជ្រាប ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដែលតែងបានរៀបចំឱ្យមានកិច្ចប្រជុំផ្សព្វផ្សាយនេះឡើង និងស្នើសូមគណបក្សនយោបាយ អង្គការសង្គមស៊ីវិល សូមចូលរួមដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីវាយតម្លៃ និងដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។

ឯកឧត្តម ម៉ៅ ឌុង ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តសហការគ្នារក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពង្រឹងការងារគណៈបញ្ជាការឯកភាព និងពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕