Social Network

សមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ ដើម្បីបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ក្នុងមូលដ្ឋាន

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបការងារសមាគមអតីតយុទ្ធជនប្រចាំឆ្នាំ ២០២៣ មានការអញ្ជើញចូលរួមពី អនុប្រធានគណៈកម្មាធិការ ស.អ.កខេត្ត ស្នងការរងខេត្ត លោកប្រធានគណ:កម្មាធិការ ស.អ.ក.ក្រុង/ស្រុកទាំង០៧ ព្រមទាំងអ្នកពាក់ព័ន្ទជាច្រើនរូបទៀត។

នាឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តមានប្រសាសន៏ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលភ្លេចនូវគុណូបការៈ ដែលបងប្អូនបានខិតខំនាពេលកន្លងមក គឺនៅតែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទាំងអស់ និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។

ជាមួយគ្នានោះ ឯកឧត្តមឧត្តមសេនីយ៍ទោ បានដាក់ទិសដៅការងារមួយចំនួនមានដូចជា ការធ្វើបច្ចុប្បន្នភាពសមាជិកអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ ពិតប្រាកដ ដែលត្រូវសាងងស់ផ្ទះជាជំហ៊ានទី២ រៀបចំផែនការចុះសួរសុខទុក្ខសមាជិកអតីយុទ្ធជន ដែលបានទៅរស់លើដីសម្បទានសង្គមកិច្ច ក្នុងខេត្ត និងក្រៅខេត្ត និងត្រៀមរៀបចំឈូសឆាយដីសម្រាប់សាងសង់ស្នាក់ការ សមាគមអតីតយុទ្ធជន ខេត្តត្បូងឃ្មុំ ។

បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូនផងដែរ៕