Social Network

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សំណើរ និងសំណូមពរមួយចំនួន ក៍ដូចជាបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ក្នុងស្រុកតំបែរ ត្រូវបានដោះស្រាយជូន នៅក្នុងឳកាស ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥នេះ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត បានអោយដឹងថា៖ ការរៀបចំវេទិការនេះឡើង នាថ្ងៃនេះ មានគោលបំណងចំបង ចង់ឲ្យប្រជាពលរដ្ឋ បានចូលរួម ក្នុងការបញ្ចេញមតិ ពិគ្រោះយោបល់ លើកឡើងនូវសំនួរ សំណូមពរ និងតម្រូវ ការដាក់ជូនអង្គវេទិកា ដើម្បីពិភាក្សា ដោះស្រាយ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

បន្ទាប់ពីប្រជាពលរដ្ឋ ធ្វើការលើងឡើងពីបញ្ហានានា ក៍ដូចជាសំណូមពរមួយចំនួន ដើម្បីអោយមន្ត្រីជំនាញ បានធ្វើការពិភាក្សា និងដោះស្រាយនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ បានមួយចំនួនធំរួចមក ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ រាល់បញ្ហាទាំងអស់ ដែលបងប្អូនលើកឡើង ខាងលើ ឯកឧត្តម និងមន្ត្រីជំនាញ ព្យាយាមដោះស្រាយ គ្រប់បញ្ហាទាំងអស់ ជូនប្រជាពលរដ្ឋ អោយទាន់ពេលវេលា ហើយបញ្ហាដែលនៅសេសសល់ មិនទាន់បានដោះស្រាយភ្លាមៗ នាពេលនេះ គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត និងធ្វើការពិភាក្សាគ្នា រកដំណោះស្រាយអោយបានឆាប់ ហើយប្រសិនបើ ហួសពីលទ្ធភាព ថ្នាក់ខេត្ត នឹងធ្វើរបាយការណ៍ ជូនទៅដល់ថ្នាក់ជាតិ ដើម្បីជួយដោះស្រាយ ជូនប្រជាពលរដ្ឋបន្ត ។

គណៈអធិបតី មានប្រសាសន៍វាយតំលៃថា ៖ ឆ្លងតាមរយៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃនេះ បានផ្តល់ឲ្យក្រុមប្រឹក្សាខេត្ត ក៍ដូចជា គណៈអភិបាលខេត្ត នូវនីតិវិធី សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការ អភិបាលកិច្ចល្អរបស់ ក្រុមប្រឹក្សានៃរដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីធានា រាល់បញ្ហាអាទិភាពរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប ។

សូមបញ្ជាក់ថា៖ វេទិការនេះ រៀបចំឡើងនៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមាន ការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសួង មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ ៕