Social Network

ទំនាស់រឿងលុយបន្តិចបន្ទួច យប់ឡើងចូលវាយដល់ក្នុងផ្ទះ ក្នុងស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ស្ត្រីជនរងគ្រោះចំនួន២នាក់ ជាប្រជាពលរដ្ឋ មានទំនាស់រឿងលុយកាក់បន្តិចបន្ទួច ជាមួយប្រពន្ធទាហានថ្នល់ទទឹង នៅម៉ោង៤ទាបភ្លឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ស្រាប់តែលេចចេញករណីហិង្សាដោយចេតនា មកលើជនរងគ្រោះដែលកំពុងដេកក្នុងផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិសំពៅផុសថ្មី ឃុំជីរោទី២ ស្រុក/ខេត្តត្បូងឃ្មុំ ។

លោកវរៈសេនីយ៍ទោ ឡុង សារិន អធិការរងទទួលផែន យុត្តិធម៌ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា នៅជិតភ្លឺថ្ងៃកើតហេតុខាងលើ មានជនមិនស្គាល់ មុខចំនួន២នាក់ បានធ្វើសកម្មភាព វាយតប់ទាត់ធាក់ និងប្រើឧបករណ៍ ម្ជុលស៊ឺរាងពេទ្យ លើជនរងគ្រោះ ឈ្មោះ ពាង ស្រីអូន ភេទស្រី អាយុ២៩ឆ្នាំ ប្តីឈ្មោះ លី នីន អាយុ៣១ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ និងវាយតប់ លើជនរងគ្រោះ ឈ្មោះ ឡេង ស្រី ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

បណ្តាលឲ្យរងរបួស ឈ្មោះ ពាង ស្រីអូន ហៅឡី មានស្នាមចាក់ដោយ ម្ជុលនិងស៊ឺរាងពេទ្យ លើក្បាលពោះ ១កន្លែង ស្នាមជាំដោយ ធាក់នឹងជើង ត្រូវកណ្តៀតក្អម ខាងឆ្វេង១កន្លែង និងមានស្នាមជាំ នៅភ្នែកខាងឆ្វេង ដោយការវាយនិងដៃ ១កន្លែង ។ ដោយឡែក ជនរងគ្រោះ ឈ្មោះ ឡេង ស្រី រងរបួសដោយ ស្នាមក្រចៅមុខជាច្រើនកន្លែង ។


បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូន ជីដូនមួយខាងប្តី (សាច់ថ្លៃ) ហើយដេកនៅ ផ្ទះកើតហេតុ តែ២នាក់គត់ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ពាង ស្រីអូន បានចូលរួមក្នុង អាពាហ៍ពិពាហ៍មួយ នៅភូមិម្រាមទាក ឃុំជីរោទី២ រហូតដល់ម៉ោង ប្រហែល១៩.០០នាទី ទើបមានបងប្អូន ជូនមកដល់ផ្ទះវិញ ។ រហូតដល់ម៉ោងកើតហេតុ ស្រាប់តែមានជន ល្មើសមិនស្គាល់ អត្តសញ្ញាណ ធ្វើសកម្មភាពវាយ តប់ជនរងគ្រោះ ដោយមិនមានយក ទ្រព្យសម្បត្តិអ្វីទាំងអស់ ។


ជនរងគ្រោះ ពាង ស្រីអូន បានបញ្ជាក់ឲ្យដឹងថា ជនដែលធ្វើសកម្មភាព មកលើរូបគាត់ គឺជាមនុស្សស្រីម្នាក់គត់ ស្លៀកពាក់ខោអាវខ្មៅ បានវាយតប់ទាត់ធាក់ និងយកម្ជុលស៊ឺរាងពេទ្យ ចាក់គាត់បណ្តាលឲ្យមានរបួស ចំនួន៣កន្លែង ។ ហើយមុនពេលកើតហេតុនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ គាត់មានបញ្ហាទំនាស់រឿងលុយកាក់បន្តិចបន្ទួច ជាមួយមនុស្សម្នាក់ ជាប្រពន្ធទាហានថ្នល់ទទឹង ។


ចនរងគ្រោះ ឡេង ស្រី ក៏បានឲ្យដឹងដែរថា ជនដែលធ្វើសកម្មភាព មកលើរូបគាត់ គឺជាមនុស្សប្រុស ពាក់អាវខ្មៅ ស្លៀកខោជើងវែង រាងស្គមខ្ពស់ បានធ្វើសកម្មភាព វាយនិងចងរូបគាត់ ក្នុងបន្ទប់របស់គាត់ ដែល គាត់ដេកម្នាក់ឯង នៅលើផ្ទះ ចំណែកជនរងគ្រោះ ពាង ស្រីអូន ហៅឡី ដេកនៅបន្ទប់មុខ ផ្នែកខាងក្រោម (ផ្ទះថ្ម២ជាន់) ។

 
បច្ចុប្បន្នករណីនេះ សមត្ថកិច្ចនគរបាល ជំនាញស្រុកត្បូងឃ្មុំ កំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេត នៅកន្លែងកើតហេតុ ឈានទៅចាប់ខ្លួនជន ដៃដល់យកមក ផ្តន្ទាទោសទៅតាមច្បាប់ ៕ សាន វិឡែម ៤.១២.២០១៥