Social Network

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ។

វេទិការនេះ រៀបចំឡើងនៅ ក្នុងបរិវេណវត្តជ្រៃបិទមាស ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសួង មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ ។

ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ អោយដឹងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់នេះ មានគោលបំណងដើម្បី ធ្វើការកែលំអនូវ ប្រព័ន្ធអភិបាលកិច្ច នៅតាមថ្នាក់រដ្ឋបាល នានា ដើម្បីបង្កើតជំរុញ និងធ្វើឲ្យមានចីរភាព ដល់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងការជំរុញកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច នៅតាមមូលដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាព ក្រីក្រ នៅតាមមូលដ្ឋាន ជាពិសេស ជាឪកាសសំរាប់ប្រជាពលរដ្ឋ បានបញ្ចេញមតិ បានលើកឡើងនូវបញ្ហាមួយចំនួន ដែលស្ថិតនៅចន្លោះប្រហោង ក្នុងមូលដ្ឋាន ដើម្បីអោយមន្ត្រីជំនាញ ធ្វើការដោះស្រាយជូន ព្រមទាំងធ្វើការ សំនូមពរភ្លាមៗ នូវអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បញ្ជាក់ទៀតថា៖ ក្នុងវេទិកានេះដែរ ចង់ឲ្យប្រជាពលរដ្ឋបានចូលរួម ក្នុងការបញ្ចេញមតិ ពិគ្រោះយោបល់ លើកឡើងនូវសំនួរ សំណូមពរ និងតម្រូវការ ដាក់ជូនអង្គវេទិកា ដើម្បីពិភាក្សា ដោះស្រាយជាលទ្ធផល និងពិគ្រោះយោបល់ជាដើម ។

ក្នុងឪកាស នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋបាន លើកឡើងនូវបញ្ហា ប្រឈមជាច្រើន ដើម្បីឲ្យអាជ្ញាខេត្ត ដោះស្រាយជូន ដូចជាបញ្ហាការងារសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាការស្ថាបនាផ្លូវ ដាក់លូ ប្រលាយទឹក បញ្ហាភ្លឿងអគ្គិសនី បញ្ហាបរិស្ថានក្រុង បញ្ហាការរកទីផ្សារ ដល់ប្រជាកសិករ ដើម្បីលក់ផលដំណាំ ក្នុងតំលៃមួយអោយបានសមស្រប និងបញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណ ។

បន្ទាប់ពីប្រជាពលរដ្ឋ ធ្វើការលើងឡើងពីបញ្ហានានា ក៍ដូចជាសំណូមពរមួយចំនួននៅខាងលើ មន្ត្រីជំនាញ បានធ្វើការពិភាក្សា និងដោះស្រាយនូវបញ្ហា និងសំណូមពរ របស់ប្រជាពលរដ្ឋ បានមួយចំនួនធំរួចមក ឯកឧត្តម លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ រាល់បញ្ហាទាំងអស់ ដែលបងប្អូនលើកឡើង ខាងលើ ឯកឧត្តម និងមន្ត្រីជំនាញ ព្យាយាមដោះស្រាយ គ្រប់បញ្ហាទាំងអស់ ជូនប្រជាពលរដ្ឋ អោយទាន់ពេលវេលា ហើយបញ្ហាដែលនៅសេសសល់ មិនទាន់បានដោះស្រាយភ្លាមៗ នាពេលនេះ គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត និងធ្វើការពិភាក្សាគ្នា រកដំណោះស្រាយ អោយបានឆាប់ ហើយប្រសិនបើ ហួសពីលទ្ធភាព ថ្នាក់ខេត្ត នឹងធ្វើរបាយការណ៍ ជូនទៅដល់ថ្នាក់ជាតិ ដើម្បីជួយដោះស្រាយ ជូនប្រជាពលរដ្ឋបន្ត ។

គណៈអធិបតី មានប្រសាសន៍វាយតំលៃថា ៖ ឆ្លងតាមរយៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃនេះ បានផ្តល់ឲ្យក្រុមប្រឹក្សាខេត្ត ក៍ដូចជា គណៈអភិបាលខេត្ត នូវនីតិវិធី និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួម ក្នុងដំណើរការ អភិបាលកិច្ចល្អរបស់ ក្រុមប្រឹក្សានៃរដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីធានា រាល់បញ្ហាអាទិភាពរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប ៕