ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្រុមប្រជាពលរដ្ឋ មកពីភូមិទំពាំង បង្កង់ឃុំ អំពិលតាពក ស្រុកអូរាំងឪ បានលើកគ្នា មកតវ៉ាដល់ សាលាខេត្ត
ដើម្បីស្នើឲ្យអាជ្ញាធរ ខេត្តត្បូងឃ្មុំ ជួយដោះ ស្រាយដីទំនាស់ ចំណុចខាងលិច ភូមិជាទីបច្ឆា សម្រាប់បញ្ចុះសព មានទំហំជិត ៣ហិចតា មកដាក់ជាសម្បត្តិ រួមរបស់ភូមិវិញ បន្ទាប់ពីមានមនុស្ស ៥នាក់ បានរំលោភកាន់កាប់ ធ្វើជាកម្មសិទ្ធទាំង បំពាននោះ ។
លោក វ៉ាត ពៅ តំណាងប្រជាពលរដ្ឋ ភូមិទំពាំង បង្កង់បានបញ្ជាក់ ឲ្យដឹងថា ដីទំនាស់នេះ កន្លងមកប្រជាពលរដ្ឋ បានប្តឹង ទៅខាងអាជ្ញាធរ ភូមិ ឃុំ ស្រុក ឲ្យជួយដោះស្រាយដែរ តែលទ្ធផល ទទួលបានតិចតួចណាស់ ។ គ្មានចំណាត់ ការទៅលើ ភាគីម្ចាស់កម្មសិទ្ធិ ចំនួន ៥នាក់នោះទេ ដោយថែមទាំង មានសិទ្ធិអាស្រ័យ ផលលើដី ទំនាស់នោះដដែល ហើយមិនឲ្យ អ្នកភូមិយកសាកសព ទៅបញ្ចុះថែមទៀតផង ។
ថ្ងៃនេះយើងទាំងអស់ គ្នាលើកគ្នាមក បដល់សាលាខេត្ត ដើម្បីស្នើឲ្យខេត្តជួយ ដោះស្រាយ យកដីសម្រាប់ បញ្ចុះសពនេះ មកដាក់ជា សម្បត្តិរួមវិញ និងសូមឲ្យខេត្ត ចុះទៅពិនិត្យដល់ ទីតាំងដីទំនាស់ ដែលម្ចាស់កម្មសិទ្ធិទាំង ៥នាក់នោះ គេបានប្រើបង្កាន់ដៃដី សុទ្ធតែកែលេខ គឺពិតជា ក្លែងបន្លំ លិខិតសាធារណៈ យ៉ាងពិតប្រាកដ ។
លោក ពៅបានបញ្ជាក់ ទៀតថា ក្រោយឆ្នាំ១៩៧៩ រដ្ឋបានចែកដីឲ្យចំនួន ២៩៨៧៥ ម៉ែត្រការ៉េ ខាងលិចភូមិ ជាទីបច្ឆាសម្រាប់បញ្ចុះសព ហើយមានសពចំនួន ២៦រួចមកហើយ ។ លុះមកដល់ឆ្នាំ ១៩៨៩ ទើបមានប្រជាជនចំនួន ៥នាក់ បានធ្វើការកាប់គាស់ រានដីបច្ឆានោះ ក្លាយទៅជាដីស្រែ ស្ទើទាំងអស់ ធ្វើឲ្យបាត់បង់ផ្នូ និងមួង នៅកន្លែងនោះ ធ្វើឲ្យយើងខ្ញុំទាំងអស់គ្នា នៅភូមិទំពាំងបង្កង់ ជួបការលំបាក នៅពេលដែលមានមនុស្សស្លាប់ម្តងៗ មិនដឹងយកទៅបញ្ចុះ នៅឯណា ? កន្លងមកបើមាន មនុស្សស្លាប់ គឺបញ្ចុះនៅក្នុងដី ភូមិរៀងៗខ្លួនតែម្តង ។
ហើយខាងតំណាង សាលាខេត្ត បានឆ្លើយតបដល់ ប្រជាពលរដ្ឋ ទាំងនោះវិញ សូមឲ្យប្រជាពលរដ្ឋ ត្រឡប់មកភូមិវិញ រង់ចាំខេត្ត ដោះស្រាយជាក្រោយ ៕