Social Network

អ្នកគាំទ្រថៃម្នាក់ ទម្លាក់លុយជិត១៣ម៉ឺនដុល្លារ ដើម្បីបានជួប Kim Soo Hyun និងថតរូបជាមួយ

ថ្មីៗនេះព័ត៌មានល្បីមួយចេញផ្សាយថា មានអ្នកគាំទ្រជនជាតិថៃម្នាក់បានចំណាយលុយខ្ទង់ ១២៦ ០០០ដុល្លារ ដើម្បីចូលរួមកម្មវិធី Fan Meeting របស់ Kim Soo Hyun ក្នុងប្រទេសថៃ។

យោងតាមប្រភពពីហាង Lotus បានឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ថាតារាសម្ដែងកូរ៉េ Kim Soo Hyun នឹងរៀបចំកម្មវិធីជំនួបជាមួយនឹងអ្នកគាំទ្រ "Meet & Greet” នៅ Muongtong Thani Thunder Dome ក្នុងទីក្រុង បាងកកប្រទេសថៃ នៅថ្ងៃទី០២ ខែតុលា ខាងមុខ។ កម្មវិធីជំនួបជាមួយអ្នកគាំទ្រ នឹងត្រូវបើកជូនភ្ញៀវដែលបានទិញមាសលើកពី ៥ ០០០បាត (ខ្ទង់ ១៣២,៩០ដុល្លារ) នៅហាង Lotus។

ទិន្នន័យប្រមូលបាន បានទម្លាយថា ចំនួនអ្នកចូលរួមចំនួន ៣ ៨០០នាក់ នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះ។ ក្នុងចំណោមនោះ អ្នកទិញ ចំនួន ១០០នាក់ នឹងមានឱកាសបានអង្គុយនៅជួរមុខ ព្រមទាំងទទួលបានអត្ថប្រយោជន៍លើសគេលំដាប់ VIP ដូចជាបានថតរូចជាមួយនឹង Kim Soo Hyun ហើយទទួលបានហត្ថលេខារបស់លោក ជាពិសេសគឺទទួលបានរបស់មានតម្លៃ (កាដូអនុស្សាវរីយ៍) ពិកម្មវិធីទៀតផង។ បន្ទាប់ពីសរុបរួច ក្នុងចំណោមអ្នកគាំទ្រដែលនឹងត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី Fan Meeting ឃើញញថាមានម្នាក់ ដែលបានចំណាយច្រើនលើសគេ គឺអស់ដល់ទៅ ៤,៧លានបាត (ខ្ទង់១២៥,៩០៥ដុល្លារ)។

អ្នកគាំទ្រដែលបានចំណាយប្រាក់ច្រើនជាងគេ លំដាប់ទីពីរគឺ ៤ លានបាត (ខ្ទង់ ១០៥,៦២៤ដុល្លារ)។ ក្រោយពីទទួលបានដំណឹងនេះហើយ អ្នកនិយមលេងអ៊ីនធឺណិតជនជាតិកូរ៉េមួយចំនួន បានបញ្ចេញមតិ ដោយលើកឡើងថា៖ - «វានឹងក្លាយជាជាកម្មវិធី Fan Meeting ដែលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ របស់តារាកូរ៉េ» - «វាជាលុយរបស់ពួកគេ ដូច្នេះខ្ញុំមិនមានអ្វីត្រូវនិយាយទេ» - «ចង់បានន័យថា យ៉ាងហោចណាស់គេទិញមាស ដែលអាចយកទៅវិនិយោគថ្ងៃមុខ ល្អជាងការទិញទំនិញដែលគ្មានប្រយោជន៍» - «ក្រោយមកពួកគេអាចលក់មាសបាន ដូច្នេះខ្ញុំគិតថាវាមិនអីទេ» -«ពួកគេទិញមាស ហើយក៏បានជួប Kim Soo Hyun» -«និយាយតាមត្រង់ទៅ បើខ្ញុំមានលុយហើយ ខ្ញុំជាអ្នកគាំទ្ររបស់គាត់ ខ្ញុំនឹងទិញមាស។ ដោយសារមាសមានតម្លៃ»៕

ដកស្រង់ពី៖ Sabay