Social Network

សុវត្ថិឌី ធារិកា បញ្ចេញសាររំលែកទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះគ្រួសារកញ្ញា

ឆ្លៀតពេលដ៏មមាញឹកក្នុងបេសកម្មទាំងក្នុង និងក្រៅប្រទេសប៉ុន្មានថ្ងៃមក សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតពេលសរសេរសាររំលែកទុក្ខចំពោះគ្រួសារតារាចម្រៀង សុវត្ថិឌី ធារិកា ដែរ។

សារនេះត្រូវបានបញ្ចេញដោយកញ្ញា សុវត្ថិឌី ធារិកា តាមបណ្ដាញសង្គមនៅរសៀលថ្ងៃទី២៦ ខែឧសភា។ ធារិកា និយាយថា ក្នុងនាមកញ្ញាជាកូន លោកឪពុក មាស សុវត្ថិឌី និងអ្នកម្តាយ ពៅ ពុទ្ធារី មានក្តីរំភើបឥតឧបមា ដែលសម្តេចពុក និងសម្តេចម៉ែ បានផ្តល់មហាកិត្ដយសជាសាររំលែកទុក្ខ និងបានយល់ពីអារម្មណ៍បាត់បង់របស់កញ្ញា និងក្រុមគ្រួសារក្នុងគ្រានេះ។

កញ្ញា សុវត្ថិឌី ធារិកា៖ “សម្តេចពុក និងសម្តេចម៉ែ គឺជាថ្នាក់ដឹកនាំដែលយល់ពីទុក្ខធុរៈ និងការលំបាករបស់រាស្ត្រគ្រប់ស្រទាប់វណ្ណៈ។ ជាមួយគ្នានេះខ្ញុំថ្លែងអំណរព្រះគុណ ដល់សម្តេចពុក និងសម្តេចម៉ែ ជាអនេកប្បការសូមជូនពរសម្តេចទាំងទ្វេរ ជួបតែ ពុទ្ធពរទាំងបួនប្រការ : អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។

សម្ដេចតេជោបានសរសេរសាររំលែកទុក្ខមួយតាមបណ្ដាញសង្គមថា៖ “សូមចូលរួមរំលែកទុក្ខជាមួយចៅស្រី។ រឹងមាំឡើងចៅ ព្រោះផ្លូវដែលចៅត្រូវដើរ នៅវែងឆ្ងាយទៀត។ តា និងយាយ យល់ពីទុក្ខសោក និងអារម្មណ៍របស់ចៅនៅពេលនេះ ព្រោះថ្មីៗនេះតា និងយាយក៏ទើបនិងបាត់បង់បងប្រុសដែលបែកគ្នាមិនបានលាគ្នា និងនិយាយគ្នាសូម្បីមួយម៉ាត់ដូចករណីចៅស្រីដែរ”។

សូមរំលឹកថា ប៉ា និងម៉ាក់របស់តារាចម្រៀង សុវត្ថិឌី ធារិកា បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្ដព្រះវិហារ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ សុវត្ថិឌី ធារិកា និងប្អូនប្រុស ព្រមទាំងជីដូនម្នាក់ក្នុងនៅក្នុងឡានដែលជួបគ្រោះថ្នាក់ក្រឡាប់ធ្លាក់ទឹកនោះដែរ ប៉ុន្ដែអ្នកទាំងបានរួចជីវិត រីឯប៉ា និងម៉ាក់របស់ធារិកា បានស្លាប់នៅកន្លែងកើតហេតុតែម្ដង៕

ដកស្រង់ពី៖Sabay