ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយ នេះ គេសង្កេតឃើញ ថាមានតារា ប្រុស-ស្រីរលក ក្រោយរបស់ខ្មែរ មួយចំនួនតែង បានបង្ហាញភាព ខុសប្លែកគ្នា តាមរយៈការបង្អួតសម្ញែង សំភារៈប្រើប្រាស់ មានតម្លៃថ្លៃៗ និងខ្លះចូលចិត្ត ប្រើសម្លៀកបំពាក់ ពណ៌ចម្រុះឆើតឆាយ ឯអ្នកទៀតខ្លះ ចូលចិត្តបែបសម័យ ដើម្បីទាញយកចំណាប់អារម្មណ៍ គាំទ្រពីទស្សនិកជន ដោយបង្ហាញពី ភាពសិចស៊ី ហើយមានអ្នកខ្លះហ៊ាន រហូតដល់ថ្នាក់ បញ្ចេញជ្រុលហួសហេតុ ពេកដែលមហាជន មិនអាចទទួលយកបាន។
គេសង្កេតឃើញ មានតារាស្រីៗ វ័យក្មេងមួយចំនួនទៀត បាននឹងកំពុងតែងុបងល់ឈ្លក់វង្វេង ជាមួយភាពឆើតឆាយ ស៊ីល័យជ្រុលនិយម ដោយការចម្លងតាម វប្បធម៌បរទេស តាមរយៈស្ទីលនៃការស្លៀកពាក់ខ្លីៗខើចលើ ខើចក្រោមបញ្ចេញគល់ភ្លៅ រន្ធផ្ចិត និង ចង្អូរដើមទ្រូងជាដើម។ ជាក់ស្តែងថ្មីៗនេះ គឺមានតារាសម្តែង និងតារាចម្រៀង ស្រីល្បីឈ្មោះរបស់ខ្មែរ តែងបានសម្ញៃង បង្ហាញភាពសិចស៊ី ដោយការស្លៀកពាក់ខ្លី ខើចលើខើចក្រោម រួចឡើងចម្រៀង-សម្តែងតាមឆាក ប្រគំតន្រី ក៏ដូចជា ការថតរូបភាព សិចស៊ីរបស់ខ្លួន យកទៅបង្ហោះជាសាធារណៈ នៅក្នុងបណ្តាញទំនាក់ទំនង Facebook ដោយក្នុងនោះភាគ ច្រើន គឺជារូបថត មានលក្ខណៈ បញ្ចេញគល់ភ្លៅ និងដើមទ្រូង ល្វែងខាងលើស្ទើតែលេចចេញ មើលឃើញទាំង ស្រុងតែម្ដង។
តាមរយៈរូបភាពនេះ បច្ចុប្បន្នក៏កំពុងមាន សម្លេង រិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ដែលមិនចូលចិត្តឲ្យ សិល្បការិនីខ្មែរ បង្ហាញភាពសិចស៊ីជ្រុល ហួសហេតុនាំឱ្យ ជះឥទ្ធិពលអាក្រក់ ដល់សង្គម។ ជាមួយគ្នានេះ ក៏មានមជ្ឈដ្ឋាន អ្នកគាំទ្រ នាំគ្នាលើកឡើងថា តារាស្រីខ្មែរដែល មានចេតនាយកភាពសិចស៊ី ដើម្បីជាទុនទាញ រកការចាប់អារម្មណ៍ និង ការគាំទ្រនោះ គឺធ្វើឡើងក្នុងបំណងបំពាន លើវប្បធម៌ប្រពៃណី ជាតិសាសន៍ខ្លួនឯង។
ស្របពេល មានសម្លេងរិះគន់ កាន់តែខ្លាំងឡើងៗ ព្រមជាមួយភាព មិនចេញចិត្ត ពីសំណាក់សារធារណៈជន មជ្ឈដ្ឋានអ្នកគាំទ្រថ្មីៗ នេះ មានប្រភព បង្ហើបមកថា ក្រសួងវប្បធម៌ កំពុងមានវិធានការក្តៅ ហើយគ្រោងកោះហៅ តារាស្រីៗ ដែលនិយមថតរូប បញ្ចេញភាពសិចស៊ី ស្រើបស្រាល បែបនារីអឺរ៉ុប យកទៅអប់រំណែនាំ ដើម្បីកុំឲ្យពួក គេបន្តថត រូបអាក្រាតបែបនេះ តទៅទៀត។
បើតាមប្រភព ក្រៅផ្លូវការមួយ បានបញ្ចេញឲ្យដឹងថា ក្រោយពីក្រសួង បានពិនិត្យឃើញ ពីបញ្ហាដែលសិល្បៈករ -សិល្បការិនី របស់ខ្មែរកំពុងនិយម ទៅលើការបញ្ចេញ ឥរិយាយបទ មិនសមគួរលើការស្លៀកពាក់សិចស៊ី ជ្រុលហួសហេតុពេកនេះ ជាថ្មីម្តងទៀត គឺខាងក្រសួង កំពុងតែមានគម្រោង ត្រៀមនឹងកោះ ហៅតារាទាំងអស់ នោះមកអប់រំណែនាំ ក្នុងពេលឆាប់ៗនេះ។
ទន្ទឹងគ្នានេះដែរ បច្ចុប្បន្ននេះ ខាងក្រសួង ក៏កំពុងតែពិនិត្យមើល ទៅលើសកម្មភាព របស់តារាស្រី-ប្រុស មួយចំនួន និងកំពុងប្រមូលរូបថត តារាដែលគួរហៅទៅអប់រំ ព្រោះបើសិនពួកគេ នៅតែបណ្តោយបែបនេះ តទៅទៀត វាអាចធ្វើឱ្យប៉ះពាល់កាន់តែខ្លាំង ទៅដល់វប្បធម៌ និងប្រពៃណីរបស់ខ្មែរ ពិសេសកាន់តែក្លាយ ទៅជាគំរូអាក្រក់ដល់ យុវ័ជនសម័យបច្ចុប្បន្ន និងជំនាន់ក្រោយ ៗទៀត។
ប្រធាននាយកដ្ឋាន ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ិន ច័ន្ទសាយ៉ា បានប្រាក់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី០៥ ខែ មិថុនា នេះថា លោកពុំទាន់ ទទួលបានព័ត៌មានណាមួយ ពីក្រសួងវប្បធម៌ នៅឡើយទេ ជុំវិញគម្រោង នៃការកោះហៅ តារាស្រីចូលចិត្ត ស្លៀកពាក់ បញ្ចេញភាពសិចស៊ី យកទៅអប់រំណែនាំ។
លោក ស៊ិន ច័ន្ទ សាយ៉ា បានបន្តទៀតថា ប្រសិនបើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគម្រោងនឹងកោះហៅ តារា ស្រីស្លៀកពាក់សិចស៊ី យកទៅអប់រំណែនាំមែននោះ គឺលោកគាំទ្រ ហើយក៏ចូលរួមអប់អរ ចំពោះចំណាត់ការ មួយនេះ ដែលក្រសួងបានធ្វើឡើង ដើម្បីជាការលើកស្ទួយ វិស័យវប្បធម៌ប្រពៃណី របស់ខ្មែរ។ ជាការកត់សម្គាល់ អំឡុងពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានតារាស្រីក្មេងៗ របស់ខ្មែរ មួយចំនួនតែងនិយម ជ្រើសរើយយក ការស្លៀកពាក់ បែបសិចស៊ីច បញ្ចេញចំហដើមទ្រូង គល់ភ្លៅ រន្ធផ្ចិត និង រូបឱបរឹតគ្នាបង្ហាញ ពីភាពស្រើបស្រាល ដើម្បីទាក់ទាញបានការចាប់អារម្មណ៍ និងឈោងចាប់ភាពល្បីឈ្មោះ ដោយភ្លេចគិតទៅលើទង្វើអវិជ្ជមាន នាំឱ្យសង្គមធ្លាប់តម្លៃ និងជាគំរូមួយ ដែលមិនល្អ សម្រាប់យុវជនជំនាន់ ក្រោយ៕
ដកស្រង់ពី៖ khmer-note