Social Network

រតនៈ ពិសី ព្រមាន​ប្តឹង​ស្ត្រី​ដែល​គំរាម​ជះ​ទឹក​អាស៊ីត

រាជធានីភ្នំពេញ ៖ តារាចម្រៀងថ្មី នាងរតនៈ ពិសី បានព្រមានប្តឹងស្ត្រី ម្នាក់ដែលនាង អះអាងថា គំរាមជះទឹកអាស៊ីត ដាក់នាងអស់រយៈពេល ប្រហែល២ឆ្នាំ មកហើយ ។ ការព្រមានរបស់ រតនៈ ពិសី តាមរយៈរបស់ស្ថានីយទូរទស្សន៍ មួយកាលពីរាត្រី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ បន្ទាប់ពីរឿងរ៉ាវ មួយនេះសារព័ត៌មាន បានចុះផ្សាយ ជាបន្តបន្ទាប់ ។

ឆ្លើយតបជាមួយ សំណួររបស់ពិធីការិនី ដែលចោទសួរ ពីបញ្ហាស្នេហា នាងរតនៈ ពិសី ចាប់ផ្តើមទម្លាក់ទឹកមុខ និងបានឆ្លើយតបថា នាងតែងតែចង់ ពន្យល់ដល់ទស្សនិកជន ឲ្យបានដឹងនិងជាពិសេស ចំពោះស្ត្រីម្នាក់នោះឲ្យយោគយល់ និងដោះស្រាយគ្នា ដោយសន្តិវិធី ចៀសវាងការដោះស្រាយ ដោយអំពើហិង្សា ណាមួយ ។ ពិសីបញ្ជាក់ថា រវាងនាងនិងបុរស អាណិកជនដែល ស្ត្រីម្នាក់នោះអះអាង ថាជាប្តីរបស់ខ្លួន ហើយចោទប្រកាន់ថានាងដណ្តើមយក នោះគឺបានផ្តាច់ការ ទាក់ទងគ្នាជា ច្រើនឆ្នាំមកហើយ គឺក្រោយពេលដែល នាងបានដឹងរឿង ហេតុច្បាស់លាស់ ។

ពិសីថា នាងមិនដែលមានបំណង ដណ្តើមស្វាមី នរណាម្នាក់ឡើយ។ ដោយសារតែនាងមិន ដឹងពីប្រវត្តិច្បាស់លាស់ ពេលបុរសម្នាក់នោះ ព្យាយាមទាក់ទងនាង រហូតមានបំណងចូល ស្តីដណ្តឹងនាងតាមផ្លូវច្បាប់ ទើបនាង និងបងស្រីចាប់ផ្តើម ស៊ើបប្រវត្តិហើយ បានដឹងថា គេនៅមិនទាន់ លែងលះប្រពន្ធ នៅឡើយទេ ។ មូលហេតុនេះហើយទើប នាងសម្រេចផ្តាច់ការ ទាក់ទងជាមួយបុរសម្នាក់ នោះរហូតមក ប៉ុន្តែនាងមិនដឹងថា នារីម្នាក់នោះដឹងរឿងនេះដែរ ឬយ៉ាងណាទេ ទើបរហូតមក ដល់ពេលនេះនៅតែព្យាយាម តាមរករឿងនាងដដែល ។

រតនៈ ពិសី បញ្ជាក់ថា រយៈពេល២ឆ្នាំហើយ ស្ត្រីម្នាក់នោះបានប្រើប្រាស់ ទំព័រហ្វេសប៊ុកគំរាម ជះទឹកអាស៊ីតដាក់នាង ដោយលើកហេតុផលថា បើនាងនៅតែបន្ត ទាក់ទងប្តីរបស់ខ្លួនទៀត ។ ស្ត្រីម្នាក់នោះ បានបន្តប្រើសារគំរាម រតនៈ ពិសី ជាបន្តបន្ទាប់រយៈពេល ២ឆ្នាំហើយ បើទោះបីជានាងបានបិទ (block)គណនេយ្យហ្វេសប៊ុក ម្តងជាពីរដងហើយក្តី ។ រតនៈ ពិសី បានព្រមានប្តឹង ស្ត្រីម្នាក់នោះ ប្រសិនបើមិនព្រមលះបង់ គំនុំគុំកួនមកលើ រូបនាងទេនោះ ។ ទន្ទឹមនេះពិសីអំពាវនាវ ដល់ទស្សនិកជន ទាំងក្នុងស្រុក និងក្រៅស្រុកឲ្យ ជួយធ្វើជាសាក្សី ដល់រូបនាង ក្នុងករណីដែលនាង មានរឿងអ្វីកើត ឡើងណាមួយនោះ ៕

 

 

ដកស្រង់ពី៖ កោះសន្ដិភាព