Social Network

ភ្លេច​ៗ​ខ្លួន​នាយ ចាប ចៀន កូន​ពេញ​ក្រមុំ​បាត់ ឯ​សម្រស់​ស្រស់​ស្អាត​ដូច​តារា​កូរ៉េ

តារាកំប្លែងកំប្លុកកំប្លែងនាយ ចាប ចៀន ថ្មីៗនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ ក្រោយពីលោកបានបញ្ចេញឲ្យដឹងថា កូនស្រីច្បងរបស់លោកធំពេញវ័យ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតថែមទៀត។

មិនទាន់ដឹងថា កូនស្រីច្បងរបស់នាយ ចាប ចៀន មានឈ្មោះអ្វីនោះទេ ប៉ុន្តែលោកបានបង្ហើបថា គិតត្រឹមឆ្នាំនេះ កូនស្រីមានវ័យ ២០ឆ្នាំហើយ។ "ឆ្នាំនេះភ្លេចៗខ្លួន កូនស្រីច្បងអាយុ20 ឆ្នាំហើយ កូនប្រុស ទី2 អាយុ 17 ឆ្នាំ កូនស្រី ទី3 អាយុ 8 ឆ្នាំ ខ្ញុំសប្បាយចិត្តណាស់ដែលមានភរិយា ដ៏ស្រស់ស្អាតនិងជាម្តាយដ៏ល្អ"។

តារាកំប្លែង បានបង្ហាញនូវមោទកភាពជាមួយគ្រួសារកក់ក្ដៅរបស់លោក ក្នុងនោះ ក៏ព្រោះតែលោកមានសំណាងបាន ភរិយាស្រស់ស្អាត និងជជា មេផ្ទះយ៉ាងប៉ិនប្រសប់ថែមទៀត។ ទាំងនេះ ដែលធ្វើអោយគ្រួសារលោករីករាយមកដល់សព្វថ្ងៃនេះ។ លោកថា "ដូចពាក្យចាស់ ពោលថា សំណាបយោងដី ស្រីយោងប្រុស មកដល់ពេលនេះខ្ញុំគ្មាន មុខរបរអ្វីក្រៅពី សិល្បៈ និងជាយោធាម្នាក់ទេ"។

លោក ចាប ចៀន បានបង្ហាញនូវការលំបាកខ្លះដែលថា លោកកាន់តែចាស់ ចំណាយកាន់តែច្រើន ឯចំណូលកាន់តែតិច ព្រោះថា ការងារសិល្បៈនៅក្នុងស្រុក សិល្បករដែលមានវ័យចំណាស់ដូចជាលោក គេមិនសូវមានតម្រូវការសម្រាប់ការសម្ដែងឡើយ។ យ៉ាងណាលោកថា និយាយនេះមិនមែនសុំការឧបត្ថម្ភណាមួយឡើយ។

ប៉ុន្តែថា នេះគ្រាន់ជាការគិតក្នុងភារៈជាឪពុក និងម្តាយប៉ុណ្ណោះ។ "ខ្ញុំនៅតែសង្ឃឹមថាកូនខ្ញុំទាំងអស់នឹងមានអនាគតដ៏ល្អទៅថ្ងៃមុខ សូមឲ្យកូនៗបានសម្រេចដូចបំណង ហើយក៏សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិឲ្យជួយការពារបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងពិភពលោកឲ្យចៀសផុតពីជំងឺ Covid 19 ។ នាយ ចាប ចៀន គឺជាតារាសម្ដែងជើងចាស់ ដែលមានទេពកោសល្យសិល្បៈកំប្លែងស្ងួត។

លោកជាតារាពេញនិយមមួយរូបពីអតីតកាលជាមួយលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម។ មកដល់បច្ចុប្បន្នលោកនៅអាចចេញមុខតាមកម្មវិធីនៅកញ្ចក់ទូរទស្សន៍បានតិចតួច និងការងារកាត់សក់តាមមង្គលការនានា។ ប៉ុន្តែការងារសម្ដែងភាពយន្ត លោកបានបាត់មុខឈឹង ដោយជំនួសដោយសិល្បករជំនាន់ក្រោយជាច្រើន។ បញ្ហានេះ ទើបលោកលើកឡើងថា សិល្បករវ័យចំណាស់ដូចជាលោក គេមិនសូវត្រូវការឡើយ៕

ដកស្រង់ពី៖ Sabay