Social Network

មានទឹកចិត្ដសប្បុរសណាស់...ធុង ប៉េត្រូ ផ្ដើមគម្រោងជួយសិល្បករភេទី៣ ម្នាក់!

តារាសម្ដែងភេទទី៣ ធុង ប៉េត្រូ គ្រោងឡាយវីដេអូអំពាវនាវដល់សប្បុរសជន និងមិត្តសិល្បៈដើម្បីប្រមូលថវិកាសង់ផ្ទះតូចល្មមមួយឲ្យតារាកំប្លែងភេទទី៣ កញ្ញា ៨០ គីឡូ នៅឯសង្កាត់កៀនស្វាយក្រៅ ខណ្ឌច្បារអំពៅ។

លោក ទុយវិសុទ្ធ ហៅធុង ប៉េត្រូ និយាយថា បច្ចុប្បន្នមានមិត្តសិល្បៈពីរបីនាក់ហើយ បានឧបត្ថម្ភថវិកាម្នាក់បន្តិចៗដើម្បីជួយលើគម្រោងសង់ផ្ទះនេះ។ ប៉ុន្តែតែមានប្រភពជំនួយធំប៉ុណ្ណោះ ទើបអាចដំណើរការគម្រោងជួយសង្គ្រោះនេះបាន ព្រោះផ្ទះនេះត្រូវចំណាយយ៉ាងហោចណាស់ក៏ ២៥០០ដុល្លារ ទៅ៣០០០ដុល្លារដែរ។

ប៉េត្រូ បន្ថែមថា ក្នុងរយៈពេលពីរ ឬបីថ្ងៃទៀត ដែលលោកទំនេរពីការងាររកស៊ីបន្ដិច លោកនឹងឡាយផ្ទាល់ដើម្បីសុំជំនួយនេះ ហើយសង្ឃឹមថាសប្បុរសជននឹងចូលរួមជាមួយលោក ដើម្បីឲ្យកញ្ញា៨០គីឡូ មានកន្លែងរស់នៅសមរម្យ។ ធុង ប៉េត្រូ និងតារាភេទទីបីឈ្មោះ តើម ហៅកញ្ញា៨០គីឡូ មានអាជីពជាអ្នកកំប្លែង និងសម្ដែងដូចគ្នា ហើយអ្នកទាំងពីទើបតែស្គាល់គ្នាប៉ុណ្ណោះ ប៉ុន្ដែអ្នកទាំងពីរមានចិត្ដស្រឡាញ់គ្នាណាស់៖ "ខ្ញុំទើបស្គាល់វាទេ តែខ្ញុំអាណិតវារស់នៅតោកយ៉ាកជាមួយម្ដាយ និងបងស្រីម្នាក់។

បើខ្ញុំឡាយទៅក្រែងមានសប្បុរសជនជួយបន្ថែមទៀត"។ លោក តើម ហៅកញ្ញា ប៉ែតសិបគីឡូ កំពុងរស់នៅក្នុងខ្ទមប្រក់ស័ង្កសី បាំងស័ង្គសី និងផ្ទាំងប៉ាណូចាស់ៗលើផ្ទៃដីតូចចង្អៀតមួយ ស្ថិតនៅសង្កាត់កៀនស្វាយក្រៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កញ្ញាប៉ែតសិបគីឡូ មានម្ដាយឈឺ និងបងស្រីម្នាក់នៅក្នុងបន្ទុក។

កញ្ញាប៉ែតសិបគីឡូ ធ្លាប់លេងកំប្លែងលើឆាកតន្ត្រីតាមខេត្តនានា ប៉ុន្តែបច្ចុប្បន្នចំណូលទាំងនេះត្រូវបានកាត់ផ្ដាច់ទាំងស្រុង ដោយសារពុំមានកម្មវិធីសម្ដែងដូចមុនៗទៀត៕

ដកស្រង់ពី៖ Sabay