Social Network

បង្ហាញ​ជូន​តារា​ម៉ូដែល​តូច​សែស្រឡាយ​រាជវង្ស​ខ្មែរ​ម្នាក់ មាន​មហិច្ឆតា​ខ្ពស់​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ

តារាម៉ូដែលវ័យក្មេងជាប់សែស្រឡាយរាជវង្សខ្មែរម្នាក់ បានសម្រេចហក់ចូលក្នុងសិល្បៈយ៉ាងស្ងៀមស្ងាត់ ដោយធ្វើជាតារាម៉ូដែល ហើយនេះ ជាអាជីពដែលព្រះនាងស្រឡាញ់តាមនិស្ស័យបំផុត ជាមួយនឹងគោលដៅខ្ពស់។

តារាម៉ូដែលសែស្រឡាយរាជវង្សខ្មែររូបនេះ មានឈ្មោះថា Orfea Norodom មានព្រះជន្មទើបតែ ១៣ ព្រះវស្សាប៉ុណ្ណោះ។ Orfea គឺជា ព្រះនត្តារបស់សម្ដេចព្រះមហិស្សរា នរោត្តមចក្រពង្ស និងត្រូវបុត្រីរបស់ព្រះអង្គម្ចាស់នរោត្តម Narithipong Norodom ជាអ្នកជំនួញ និងលោកស្រី Ermine Norodom ជាជនជាតិអ៊ីតាលី តែព្រះនាងបានប្រសូតនៅក្នុងប្រទេសបារាំង។

ដូច្នេះតារាម៉ូដែលតូច គឺជាកូនកាត់បីសាសន៍ ខ្មែរ អ៊ីតាលី និងបារាំង។ ប៉ុន្តែឆ្នាំអំឡុងឆ្នាំ ២០១០ ពេលដែល Orfea ចម្រើនវ័យដល់ ៤ឆ្នាំ នាងតូច និងមាតា បិតា បានផ្លាស់ប្ដូររស់នៅក្នុងប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ព្រះជន្មចម្រើនដល់ដឹងក្ដីពេលណា Orfea ប្រាប់ថា ព្រះនាងមាននិស្ស័យស្រឡាញ់សិល្បៈបង្ហាញម៉ូដខ្លាំង ព្រោះយល់ថា វាជាអាជីពដ៏រីករាយមួយ និងជាកន្លែងដែលអាចបញ្ចេញពីទេពកោសល្យ ក៏ដូចជាអ្វីដែលខ្លួនមានទៅកាន់សាធារណជន។

បែបនេះ តារាម៉ូដែលតូចបញ្ជាក់ថា ថ្ងៃណាមួយនឹងសម្រេចមហិច្ឆតានេះឲ្យបាន ដែលចុងក្រោយបំផុត ក៏បានសម្រេចចូលធ្វើជាតារាម៉ូដែលក្នុងក្រុម Perfect 10 ដែលមានសមាជិកជាង ១០នាក់ សុទ្ធសឹងជាអ្នកដែលទឹកចិត្ត និងនិស្ស័យ ក៏ដូចជាក្ដីស្រមៃដូចគ្នា។ យ៉ាងណា នាងមិនទាន់មានបទពិសោធន៍លើការងារនេះនៅឡើយ ដោយបច្ចុប្បន្ន បាន និងកំពុងហ្វឹកហាត់ក្រោមការបង្ហាត់បង្ហាញដោយលោក Phatry Derek Pan ជាប្រធានក្រុម នៅឡើយ។

Orfea លើកឡើងថា “អាជីពជាតារាម៉ូដែលនេះ ជាអ្វីដែលខ្ញុំស្រឡាញ់ ហើយខ្ញុំបានសម្រេចចិត្តចាប់យកអាជីពនេះដោយខ្លួនឯង តែឪពុកម្ដាយខ្ញុំ គាត់ក៏សប្បាយចិត្តជាមួយការសម្រេចចិត្តនេះដែរ"។ ដោយសារជាប់ឈាមជ័រជាកូនស្រីជំនួញផង Orfea ប្រាប់ថា នាងមានគោលដៅធំចំនួន២ គឺទី១ ចង់ក្លាយជាអ្នកជំនួញជោគជ័យម្នាក់ ហើយទី២ចង់ក្លាយជាតារាម៉ូដែលដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជាយើងនេះ៕

ដកស្រង់ពី៖ Sabay