Social Network

បណ្ដុំអង្គការសង្គមស៊ីវិលគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

អង្គការសមាគមនៃបណ្តុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី០៥ ខែមីនា នេះ បានចេញមកប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រកាសជាផ្លូវការដោយគ.ជ.ប។

តាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រកាសជាផ្លូវការ ដោយ គ.ជ.ប នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ គឺគណបក្សធំចំនួន ៤ចូលរួមប្រកួតប្រជែង គឺទទួលបានអាសនៈដូចជា គណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥អាសនៈ គណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ពុំទទួលបាន អាសនៈទេ។

បណ្ដុំអង្គការសង្គមស៊ីវិលបានមើលឃើញថាការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលរៀបចំឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។

អង្គការសមាគមនៃបណ្តុំអង្គការសង្គមស៊ីវិល បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រប់បណ្តាអង្គការ សមាគមមិនមែនរដ្ឋាភិបាល អ្នកសង្កេតការជាតិ និងអន្តរជាតិ ដែលបានប្រកាន់យ៉ាងខ្ជាប់ខ្ជូននូវជំហរ ឯករាជ្យ អព្យាក្រឹត្យ តម្លាភាព និងយុត្តិធម៌ ធ្វើឱ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ប្រព្រឹត្តិយ៉ាងរលូនស្របតាម រដ្ឋធម្មនុញ្ញ នីតិវិធី និងក្រមសីលធម៌។

ក្រៅពីគាំទ្រទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អង្គការសមាគមនៃបណ្តុំអង្គការសង្គមស៊ីវិល ក៏បានវាយតម្លៃថាការបោះឆ្នោតព្រឹទ្ធសភានេះថា ពិតជាបានឆ្លុះបញ្ចាំងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលមានក្រុមប្រឹក្សាឃុំ-សង្កាត់

និងសមាជិករដ្ឋសភានីតិកាលទី៧ ជាតំណាង ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារឯករាជ្យ អធិបតេយ្យភាព

និងបូរណៈភាពទឹកដី រក្សាឱ្យបាននូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ពិសេសបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ប្រជាជនមានជីវភាពធូរធា រស់នៅយ៉ាងសម្បូរសប្បាយ និងសេចក្តីសុខដុមរមនាតទៅមុខទៀត៕

ដកស្រង់ពី៖ កម្ពុជាថ្មី