Social Network

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអង់គ្លេស ទស្សនាសារមន្ទីរជាតិកម្ពុជា

(ភ្នំពេញ)៖ លោកស្រី Anne-Marie Trevelyan រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ បានឆ្លៀតពេលអញ្ជើញមកទស្សនាសារមន្ទីរជាតិកម្ពុជា ដោយមានការទទួលស្វាគមន៍ពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំ។

នាកំលុងពេលនៃការចូលទស្សនានោះ លោកស្រីបណ្ឌិតសភាចារ្យ បានបង្ហាញជូននូវរូបចម្លាក់បុរាណខ្មែរសំខាន់ៗមួយចំនួនដែលទទួលបានពីបរទេសកន្លងមក ជាពិសេស រូបចម្លាក់ថ្ម និងគ្រឿងអលង្កាមាសបុរាណខ្មែរដែលទទួលបានពីចក្រភពអង់គ្លេស។ ក្រោយបញ្ចប់ដំណើរទស្សនារូបចម្លាក់ក្នុងសាលតាំង ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីររូប បានបន្តប្រជុំពិភាក្សាការងារបន្ថែមក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្នែកវប្បធម៌លើចំណុចសំខាន់ៗមួយចំនួនដូចជា៖

* ១៖ ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណ:នៃការយោគយល់(MOU)ស្តីពីការទប់ស្កាត់ការចរាចរវត្ថុបុរាណដោយខុសច្បាប់

* ២៖ ជួយសម្របសម្រួលក្នុងការបញ្ជូនអ្នកជំនាញមកជួយអភិរក្សសមុច្ច័យអំពីមាស និងជួយផ្តល់គំនិតយោបល់ក្នុងការរៀបចំដាក់តាំងសមុច្ច័យទាំងនោះឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ពោលគឺការរក្សាការពារមិនឱ្យមានការឡើងស្នឹមនិងខូចខាតពីសំណើមក្នុងពេលដាក់តាំងបង្ហាញ

* ៣៖ ពិនិត្យលទ្ធភាពនៃការបញ្ជូនមន្ត្រីជំនាញទៅសិក្សាវគ្គបណ្តុះបណ្តាលខ្លី ឬ វែងនៅចក្រភពអង់គ្លេសបន្ថែមទៀត ជាពិសេសគឺនៅសាកលវិទ្យាល័យ SOAS នៃចក្រភពអង់គ្លេស(SOAS University of London)។

ឆ្លៀតឱកាសនោះផងដែរ លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានជួយសហការបញ្ជូនរូបចម្លាក់ខ្មែរ ដែលបាននាំចេញដោយខុសច្បាប់ត្រឡប់មកប្រទេសកម្ពុជាវិញ និងបានផ្តល់ឱកាស ដល់មន្ត្រីនិងនិស្សិតខ្មែរបានទៅបន្តការសិក្សានៅចក្រភពអង់គ្លេស ជាពិសេសនៅសាលា SOAS, សាកលវិទ្យាល័យនៃក្រុងឡុងដ៏នាពេលកន្លងមក៕

ដកស្រង់ពី៖ Fresh News