Social Network

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន

(មែលប៊ន, អូស្រ្តាលី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

ជំនួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះ ធ្វើឡើងនៅក្នុងអំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី០១ ដល់០៧ ខែមីនា ឆ្នាំ២០២៤។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយជាខ្លាំង បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់។

* ឯកអគ្គរាជទូតខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ បានឱ្យដឹងថា ពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ ចង់ជួបសំណេះសំណាលសម្តេចធិបតី និងលោកជំទាវបណ្ឌិត រហូតដល់គ្មានកន្លែងអង្គុយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋខ្មែរភាគច្រើនដែលភៀសខ្លួនទៅដល់អូស្ត្រាលី និងណូវែលហ្សេឡង់ ដោយសារតែស្រុកទេសជួបវិបត្តិសង្គ្រាម ហើយអ្នកខ្លះមិនរំពឹងថា បានទៅលេងស្រុក ឬអត់នោះទេ?

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្រុកខ្មែរបច្ចុប្បន្នក្តៅដោយសារខែចេត្រ ប៉ុន្តែមិនមែនជាការក្តៅដោយសារសង្គ្រាមដូចកាលពីអតីតកាលនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារគាំទ្រចំពោះសុខសន្តិភាព ដែលរកបានដោយសម្តេចតេជោ គឺមានតម្លៃណាស់។ មានសន្តិភាពហ្នឹងហើយ ដែលនាំឱ្យកម្ពុជាមានការរីកចម្រើន នាំឱ្យមានការចងភ្ជាប់ឡើងវិញរវាងខ្មែរនៅក្រៅប្រទេសជាមួយប្រទេសជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការជួបជាមួយខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់នាពេលនេះ បង្ហាញឱ្យឃើញពីសាមគ្គីភាពរវាងខ្មែរនៅគ្រប់ទីកន្លែង ដែលជាកិច្ចការដ៏សំខាន់សម្រាប់ដំណើរកសាងជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចគាំទ្ររាល់សិទ្ធបញ្ចេញមតិ តែត្រូវមានសេចក្តីថ្លៃថ្នូរ និងចេះគោរពគ្នា ឱ្យតម្លៃគ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបញ្ចេញមតិរបស់ខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ គឺជាការបង្ហាញឱ្យឃើញនូវកត្តាយល់ដឹងផ្នែកប្រជាធិបតេយ្យ និងសិទ្ធិបញ្ចេញមតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនមានគោលការណ៍តបតជាមួយក្រុមប្រឆាំងនៅអូស្ត្រាលីនោះទេ ទោះបីពួកគាត់ប្រើពាក្យអសុរោះក៏ដោយ ព្រោះអត់មានប្រយោជន៍អ្វីដល់ជាតិនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំដៅនៅអូស្ត្រាលីនាពេលនេះ មិនក្តៅដូចឆ្នាំ២០១៦នោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកខ្មែរ និងខ្មែរទៅប៉ះគ្នាលើទឹកដីអូស្ត្រាលី គ្មានបានប្រយោជន៍អ្វីនោះទេ បានតែខ្មាសប៉ូលិសអូស្ត្រាលី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរខ្មែរសម្តែងមតិគាំទ្ររាជរដ្ឋាភិបាល រក្សាភាពថ្លៃថ្នូរ មិនតបត ឬវាយប្រហារតបទៅខ្មែរដែលមិនគាំទ្ររាជរដ្ឋាភិបាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកពីការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចធិបតី បានរំលឹកថា ខ្មែរមិនមានទ្រព្យធនច្រើន តែសម្តេចតេជោ បានប្រឹងប្រែងដឹកនាំប្រទេសការពារអាយុជីវិតប្រជាពលរដ្ឋ រហូតជោគជ័យលើការរាតត្បាតនៃជំងឺកូវីដ១៩។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ខ្យល់ដង្ហើមជីវិតរបស់ហ្វ្រី តែមានសារៈសំខាន់ណាស់សម្រាប់ជីវិតរបស់មនុស្ស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សម្តេចតេជោ បានដឹកនាំជួយជីវិតប្រជាពលរដ្ឋកម្ពុជា ៣ដំណាក់កាលធំ គឺការរំដោះប្រទេសនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, នយោបាយឈ្នះ-ឈ្នះ ឈានបញ្ចប់សង្គ្រាមទាំងស្រុងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចធិបតី បានប្រឹងប្រែងខ្លាំងណាស់ ទាំងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ដោយចំណាងថវិការង្វង់ប្រមាណ ១៤០០លានដុល្លារអាមេរិក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយចំនួន២០ និងអ្នកចូលរួមប្រមាណ៩លាននាក់។

ក្នុងនោះពលរដ្ឋ ៦លាន ៤សែននាក់ ស្មើ៨២,៣ភាគរយ បោះឆ្នោតគាំទ្រសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលបោះឆ្នោតបានបង្ហាញច្បាស់ពីដំណើរប្រជាធិបតេយ្យ និងការជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងបានធ្វើសកម្មភាពច្រើនណាស់ ញុះញង់ពលរដ្ឋធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល តែពលរដ្ឋដឹងច្បាស់ពីតម្លៃសន្តិភាព ស្ថេរភាពសង្គម ហើយមិនធ្វើតាមការញុះញង់ ការអូសទាំញទាំងឡាយនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណខ្មែរនៅអូស្ត្រាលី ដែលបានចេញសារគាំទ្រចំណាត់ការ ដើម្បីរក្សាសុខសន្តិភាព និងស្ថេរភាពសង្គម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណខ្មែរនៅអូស្ត្រាលី ដែលបានចេញសារគាំទ្រចំណាត់ការ ដើម្បីរក្សាសុខសន្តិភាព និងស្ថេរភាពសង្គម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំចង់បានដីហ្វ្រី ដូចស្ថានភាពដីនៅប្រទេសអ៊ុយក្រែន អត់មាននរណាចង់បាននោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អារម្មណ៍ប្រជាពលរដ្ឋក្រោយការបោះឆ្នោតបច្ចុប្បន្ន ខុសពីពេលមុន។ បោះឆ្នោតហើយនាំគ្នាដើរលេង ដែលជាការបង្ហាញឱ្យឃើញពីទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការគ្រប់គ្រងប្រទេស ធានាមិនឱ្យប្រទេសក្រឡាប់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យ «សុខសន្តិភាព» ឮរាល់ថ្ងៃអាចមានមនុស្សធុញ ប៉ុន្តែកុំឱ្យវាបាត់បង់ឱ្យសោះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹករឿងជាគតិមួយពីគុណតម្លៃរបស់ខ្យល់ ពេលអញ្ជើញទៅលើងភ្នំមួយក្នុងប្រទេសចិន។ សម្តេចបានរំលឹកថា ពេលនោះដោយសារអាងកម្លាំងខ្លាំង គឺមិនទិញខ្យល់នោះទេ ដល់ឡើងកំពូលភ្នំអត់សូវមានខ្យល់អុកស៊ីសែន ទើបដឹងថានាំឱ្យប៉ះពាល់ និងនឹកឃើញពីសារៈសំខាន់របស់ខ្យល់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលថ្មីមានអាយុ៦ខែ ១០ថ្ងៃ។ រាជរដ្ឋាភិបាលថ្មី អត់មានត្រូវការពេលដើរទេ កើតមកគឺរត់ដែរតែម្តង មិនអាចដើរទេព្រោះមនុស្សច្រើនណាស់ត្រូវការរាជរដ្ឋាភិបាលជួយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលថ្មី បានផ្លាស់ប្តូរស្ទើរតែទាំងស្រុង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈរដ្ឋមន្ត្រីបានផ្លាស់ប្តូរ តែមិនមានការផ្លាស់ប្តូរគោលនយោបាយនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រវត្តិសាស្ត្ររបស់កម្ពុជា នៅពេលផ្លាស់ប្តូរមេដឹកនាំ ភាគច្រើនជួបសង្គ្រាម។ ប៉ុន្តែសម្រាប់ការប្តូរក្រុមដឹកនាំតាមសំឡេងបោះឆ្នោតនៅពេលនេះ គឺដំណើរការរលូន ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានការស្ទង់មតិរបស់អង្គការអន្តរជាតិជំនាញមួយលើការដឹកនាំរបស់រាជរដ្ឋាភិបាលមុនពេលបោះឆ្នោត និងក្រោយបោះឆ្នោត។ មុនបោះឆ្នោតរកឃើញថា ពលរដ្ឋជាង ៧០ភាគរយ យល់ថារាជរដ្ឋាភិបាលដឹកនាំត្រឹមត្រូវ។

លុះក្រោយបោះឆ្នោតការយល់ថាការដឹកនាំ របស់រាជរដ្ឋាភិបាលត្រឹមត្រូវឡើងរហូតដល់ ៨២ភាគរយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចរដ្ឋបាលថ្មី ដឹកនាំគ្រប់គ្រងប្រទេស និងដាក់បទបញ្ជានានាអត់មានការអនុវត្តន៍។ ប៉ុន្តែមិនដូច្នោះទេ រយៈពេលជាង ៦ខែនេះ ពលរដ្ឋមានការពេញចិត្ត និងគាំទ្រខ្ពស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលនៃការពេញចិត្តរបស់ប្រជាពលរដ្ឋគឺខ្ពស់ ដូច្នេះត្រូវបន្តប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងដឹកនាំប្រទេសឱ្យកាន់តែខ្លាំងថែមទៀត មិនត្រូវឱ្យកម្លាំងចិត្តគាំទ្ររបស់ប្រជាពលរដ្ឋធ្លាក់ចុះនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់នាំគ្នាទៅលេងខ្មែរ អត់មានអ្នកចាប់បូមឈាមទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ជួបការលំបាក តែអាចគ្រប់គ្រងបាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគ្រប់គ្រងរដ្ឋបាលមានវិន័យ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ធ្វើការស្រុះដៃគ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលជាង៦ខែនេះ រាជរដ្ឋាភិបាលនៅតែបន្តគោលនយោបាយគាំពារសង្គម និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងផផលប៉ះពាល់នានា, ទេសចរណ៍មានកំណើន និងការវិនិយោគមានកំណើន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមីនា ខាងមុខនេះ មានអ្នកវិនិយោគចិននឹងមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុនមួយ នឹងវិនិយោគផលិតកង់ឡាននៅកម្ពុជា ជាមួយទុនប្រមាណ ១ពាន់លានដុល្លារ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចស្វាគមន៍គ្រប់អ្នកវិនិយោគ មិនមែនស្វាគមន៍តែចិនទេ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចអត់មានក្រុមហ៊ុន ដើម្បីទាក់ទងជាមួយអ្នកវិនិយោគបរទេសនោះ។

រាល់វិនិយោគបរទេស គឺទាក់ទងផ្ទាល់ជាមួយវិស័យឯកជននៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលឡើងកាន់តំណែងនាយករដ្ឋមន្ត្រី ទើបដឹងថា មេដឹកនាំពេលខ្លះជជែកគ្នាដាច់បាយ។ ការជជែកមិនបាច់មានកន្លែងអង្គុយឱ្យត្រឹមត្រូវទេ ពេលខ្លះឈរជជែក ក៏សម្រេចបានគម្រោងកិច្ចសហប្រតិបត្តិការនានាផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពលរដ្ឋនៅអូស្ត្រាលី និងណូវែលហ្សេឡង់ថា រាជរដ្ឋាភិបាលផ្តល់អាទិភាពលើវិស័យចំនួន៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់មនុស្ស រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើសុខភាព និងសមត្ថភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់វិស័យផ្លូវ រួមមានផ្លូវទឹក ផ្លូវគោក និងអាកាស។ កាលពីពេលថ្មីៗនេះ សម្តេចទើបអញ្ជើញបើកការដ្ឋានពង្រីកកំពង់ផែនៅព្រះសីហនុ ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនសមុទ្រ ហើយនៅពេលខាងមុខនឹងសម្ពោធកំពង់ផែទឹកជ្រៅនៅកំពត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលសម្តេចចេញទៅរៀននៅអាមេរិក មានរឿងពីរធ្វើឱ្យសម្តេចចង់ស្រក់ទឹកភ្នែក ព្រោះនឹកស្រណោះដល់ប្រទេសជាតិ។

រឿងទាំងពីរនោះ ឃើញប្រទេសគេមានផ្សារទំនើបធំៗ និងមានផ្លូវហាយវេធំៗ ខណៈកម្ពុជាមិនទាន់មានអ្វីទាំងអស់ ព្រោះវិបត្តិសង្គ្រាម និងការបែកបាក់ជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅថ្ងៃមុខកម្ពុជា នឹងធ្វើស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើនកំណើនសេដ្ឋកិច្ចជាតិ គឺការរកការងាររកប្រភពចំណូលចាក់ចូលហោប៉ៅប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អស់សំណើចពេលរំលឹករឿង រដ្ឋមន្ត្រីសាធារណការថ្មីរាយការណ៍ជូនសម្តេចញឹកញាប់រឿងគោ ក្របីបុករថភ្លើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋនៅអូស្ត្រាលី និងណូវែលហ្សេឡង់ ចង់ស្គាល់ព្រលានយន្តហោះពោធិ៍ចិនតុង មកលេងស្រុកខ្មែរឱ្យហើយ តិចទៀតយន្តហោះចុះនៅព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅហើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រាជធានីរបស់កម្ពុជា ដែលជារដ្ឋបាលកណ្តាលរបស់ជាតិ នឹងមិនរើចេញពីភ្នំពេញនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តស្នើសុំកូនបន្ថែមពីភរិយា ខណៈកូនប្រុសបានឯកភាពហើយ។ ប្រសាសន៍ស្នើសុំកូនពីភរិយា នាំឱ្យពលរដ្ឋចូលរួមក្នុងពិធីផ្ទុះសំណើចរីករាយពេញសាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្មានផែនការហាមពលរដ្ឋមិនឱ្យយកកូននោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយពង្រីកការថែទាំសុខភាព គឺជានយោបាយសន្តិសុខសង្គមសម្រាប់សុខាភិបាល។ នយោបាយនេះ រាជរដ្ឋាភិបាលត្រៀមថវិកា ក្បែរ១០០លានដុល្លារក្នុងមួយឆ្នាំ គោលដៅគ្រប់ដណ្តប់ប្រជាពលរដ្ឋ ១៩លាននាក់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយនេះ មានរូបមន្តពីរ ទី១គឺរដ្ឋចេញ ១០០ភាគរយ សម្រាប់ពលរដ្ឋក្រីក្រ និងទី២ តាមរយៈការបង់វិភាគទានសម្រាប់មន្ត្រីរាជការ អតីតយុទ្ធជន កម្មករ និយោជិត បុគ្គលស្វ័យនិយោជ និងសមាជិកគ្រួសាររបស់សមាជិកបេឡាជាតិរបបសន្តិសុខសង្គម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានយុវជិតជិត ៣ម៉ឺននាក់ បានដាក់ពាក្យទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ក្នុងនោះជាង១ម៉ឺន កំពុងតែបណ្តុះបណ្តាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលខិតខំគ្រប់ពេលមិនឱ្យប្រជាពលរដ្ឋលំបាករហូតដល់ដាច់បាយនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនគាំទ្រ និងការពេញចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល មុន និងក្រោយការបោះឆ្នោត មិនមែនជារឿងចៃដន្យនោះទេ តែជាការមើលឃើញដោយជាក់ស្តែងលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្សែក្រវាត់បៃតងនៅសៀមរាប គឺជាការជំរុញដាំដុះបន្លែបង្ការផ្គត់ផ្គង់វិស័យទេសចរណ៍ក្នុងខេត្ត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីកសិកម្ម ដែលបញ្ជូនទៅខេត្ត ទៅស្រុក និងឃុំ គឺត្រូវនៅទីនោះ ដើម្បីជួយប្រជាកសិករ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រដូចការគ្រប់គ្រងសេដ្ឋកិច្ចជាតិ ប្រៀបដូចជាសរសៃឈាមក្នុងខ្លួនមនុស្ស ដែលរត់គ្រប់សរសៃដើម្បីសុខភាពមនុស្ស។ ដូច្នេះដើម្បីសេដ្ឋកិច្ចជាតិល្អប្រសើរ ត្រូវបង្កើតការងារគ្រប់ទីកន្លែង ជាពិសេសនៅតាមមូលដ្ឋាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងពិចារណារៀបចំការចងភ្ជាប់រវាងមន្ត្រីរាជការក្របខណ្ឌ និងមន្ត្រីកិច្ចសន្យា ដើម្បីឱ្យមានចំនួនមួយសមរម្យ និងបំពេញការងារមានប្រសិទ្ធភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកូនខ្មែរមានសមត្ថភាពបង្កើតប្រព័ន្ធបច្ចេកវិទ្យាច្រើនណាស់ ហើយរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់លើការអប់រំផ្នែកបច្ចេកវិទ្យា ផ្សារភ្ជាប់ជាមួយសីលធម៌។

* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីវិធានការដាច់ណាត់ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំង ដែលពាក់ព័ន្ធគ្រឿងញៀន ត្រូវដេញចេញពីក្របខណ្ឌ។

វិធានការនេះ នាំឱ្យអ្នកចូលរួមសាទរដោយទះដៃកងរំពង។ * ពាក់ព័ន្ធចំណាត់ការគ្រឿងញៀន សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើប្រជាពលរដ្ឋបើមិនសំអាតខ្លួនឯងមិនស្អាត តើពលរដ្ឋរំពឹងអ្វី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តយកការសម្រេចចិត្តរបស់សម្តេចមិនអនុញ្ញាតឱ្យដាំកញ្ឆា ជម្រាបជូនខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ជម្រាបខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ ពីវិធានការទប់ស្កាត់ល្បែងផ្សងសំណាង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សុំការយោគយល់ពីអ្នកវិនិយោគ កុំពង្រីកទីតាំងល្បែងផ្សងសំណាង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជារីកចម្រើនដូចពេលបច្ចុប្បន្ន មិនមែនពឹងផ្អែកលើល្បែងនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ជម្រាបពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ថា រាជរដ្ឋាភិបាលប្រឹងប្រែងក្នុងការកែលំអប្រព័ន្ធយុត្តិធម៌ និងការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៣៖០៧នាទីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕

ដកស្រង់ពី៖ Fresh News