Social Network

បេក្ខជនសមាជិកព្រឹទ្ធសភា ស្នើក្រុមប្រឹក្សាឃុំនៃស្រុកកណ្ដាលស្ទឹង ទៅបោះឆ្នោតឱ្យបក្សប្រជាជនកម្ពុជា

បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល លោក ម៉ម ប៊ុននាង បានស្នើដល់ក្រុមប្រឹក្សាឃុំ នៃស្រុកកណ្ដាលស្ទឹង ទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោត។

ការស្នើបែបនេះរបស់លោក ម៉ម ប៊ុននាង គ្រាដែលលោកបានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអន្លង់រមៀត ក្រុមប្រឹក្សាឃុំបារគូ និងក្រុមប្រឹក្សាឃុំគោកត្រប់ នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភាក្នុងមុខតំណែងបច្ចុប្បន្ន និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

របស់គណបក្សប្រជាជនកម្ពុជា មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល បានអញ្ជើញក្រុមប្រឹក្សាឃុំទាំងអស់ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោត។ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំទាំងអស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ និងពិនិត្យឯកសារពាក់ព័ន្ធនឹងកាបោះឆ្នោតឱ្យបានគ្រប់គ្រាន់។

ក្នុងករណីមានបញ្ហាសុខភាព ឬមានការខុសឆ្គងឯកសារណាមួយ ត្រូវរួសរាន់រាយការណ៍ ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។

គណបក្សនយោបាយចំនួន៤ បានចុះឈ្មោះ និងដាក់បេក្ខជនចូលរួមប្រកួតប្រជែងដណ្ដើមកៅអីសមាជិកព្រឹទ្ធសភានេះ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបន្តឈរឈ្មោះ និងដាក់បេក្ខជនសម្រាប់ការបោះឆ្នោតនេះនៅទូទាំង ៨ភូមិភាគ៕

ដកស្រង់ពី៖ កម្ពុជាថ្មី