Social Network

គ.ជ.ប៖ ថ្ងៃទី៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ៤គណបក្សបានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន ដើម្បីផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនដល់អ្នកបោះឆ្នោត។

តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ នៅតាមមណ្ឌលភូមិភាគទាំង៨ គឺពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែសកម្មភាពឃោសនាផ្សេងទៀតត្រូវបានធ្វើឡើងជាធម្មតាក្នុងនោះ៖

*គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅគ្រប់ភូមិភាគ តាមរយៈការជួបប្រជុំ ការចែកខិត្តបណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស

*គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពនៅតាមភូមិភាគនានា លើកលែងតែភូមិភាគទី២ ដោយបានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស

*គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧ និងជួបប្រជុំនៅខេត្តស្ទឹងត្រែង នៃភូមិភាគទី៨

*គណបក្សកម្លាំងជាតិ បានជួបប្រជុំ និងលើកស្លាកគណបក្សនៅខេត្តបន្ទាយមានជ័យ នៃភូមិភាគទី៤។

ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល។ អ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ក្នុងតំណែងសរុបចំនួន ១១,៧៤៧នាក់ ដែលបែងចែកជា ៨ ភូមិភាគ និង ៣៣ ការិយាល័យបោះឆ្នោត៕

 

ដកស្រង់ពី៖ កម្ពុជាថ្មី