Social Network

ឯកឧត្តម នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មានខេត្ត ដើរតូនាទីសំខាន់អោយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការគ្រប់គ្រងព័ត៌មានក្នុងខេត្តរបស់ខ្លួន ដើម្បីក្តាប់បានសភាពការណ៍ក្នុងខេត្ត ហើយឆ្លើយតបរាល់ព័ត៌មានផ្សេងៗដែលអវិជ្ជមាន ហើយធ្វើការបកស្រាយអោយទាន់ពេលវេលា ដើម្បីគ្រប់គ្រងលើសាធារ

ត្បូងឃ្មុំ៖ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងអ្នកសារព័ត៌មាន ដែលកំពុងអនុវត្តការងារក្នុងខេត្ត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរព័ត៌មាន ស្ថិតនៅក្នុង ”តំបន់រដ្ឋបាលខេត្ត” ភូមិនិគមលើ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ទីរព័ត៌មាន ត្រូវពង្រឹងតូនាទីរបស់ខ្លួន ក្នុងការផ្សព្វផ្សាយព័ត៌មានដែលមាន ដូចជា វិទ្យុ ទូរទស្សន៍ ហ្វេសប៊ុក និងប្រពន្ធ័ផ្សព្វផ្សាយសង្គមផ្សេងៗទៀត អោយបានដឹងពីតូនាទី និងសកម្មភាពការងារដែលអាជ្ញាធរដែនដីបានធ្វើ បំរើដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ចូលមកបំរើការងារ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបញ្ជ្រាបការជូនដំណឹង អោយបានដឹង ពីកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមបំរើប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ មន្ទីរព័ត៌មាន ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការផ្សព្វផ្សាយព័ត៌មាន អោយបានឆាប់រហ័ស ទាន់ពេលវេលា ផ្តល់នូវព័ត៌មានពិត ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋ ។ 

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់មន្ទីរព័ត៌មាន ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីធ្វើព័ត៌មានផ្សព្វផ្សាយ ជាកិច្ចសំភាសន៍ បទយកការណ៍ រូបភាពផ្សេងៗរបស់មន្ទីរ អង្គភាពចំណុះខេត្ត ដើម្បីផ្សាយអោយបានទូលំទូលាយ ។ ទន្ទឹមនេះ ត្រូវមានកិច្ចសហការជាមួយ សមាគម អង្គភាពសារព័ត៌មាននានា ដើម្បីបង្កើនការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ បានជម្រាបពីអ្វីដែលកើតមានឡើងក្នុងខេត្ត ។

ឯកឧត្តម បានជម្រាបជូនពីដំណើរការងារដែល ក្រសួងព័ត៌មាន បានធ្វើយ៉ាងសកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបានដាក់ចេញផែនការ កំណែទម្រង់គោលនយោបាយ ការពង្រឹងរចនាសម្ព័ន្ធ ការកសាងឯកសារគតិយុត្តនានា ការពង្រឹងការគ្រប់គ្រង វិស័យព័ត៌មាន និងអ្នកសារព័ត៌មាន ឱ្យមានលក្ខណៈ ទំនើប និងមានភាពសកម្មជាងមុន ជាពិសេសរួមគ្នាក្នុងភាពប្រទាក់ក្រឡា លើការផ្សព្វផ្សាយពីសកម្មភាព របស់ថ្នាក់ដឹកនាំឱ្យបានដឹង ដល់មូលដ្ឋានឆ្ងាយៗ ក្រៅពីទីប្រជុំជន ។

ជាជំហ៊ានបន្តទៅមុខទៀត ប័ណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ របស់បងប្អូនជាអ្នកសារព័ត៌មាន ។

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានអញ្ជើញពិនិត្យ ដំណើរការផ្សាយវិទ្យុជាតិ និងទូរទស្សន៍ជាតិ របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដែលកំពុងដំណើរការផ្សាយ ជារៀងរាល់ថ្ងៃ នូវព័ត៌មាន ចំណេះដឹង ការកំសាន្ត សប្បាយផ្សេងៗ ។

តាមរបាយការណ៍លើកឡើងដោយ ឯកឧត្តម ស សុីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ មន្ទីរព័ត៌មាន បានធ្វើការផ្សព្វផ្សាយតាមវិទ្យុជាតិខេត្ត ផេកទូរទស្សន៍ជាតិខេត្ត និងបញ្ជូនព័ត៌មានទៅផ្សាយទៅ ទូរទស្សន៍នៅរាជធានីភ្នំពេញ ធ្វើសេចក្តីរាយការណ៍តាមទូរស័ព្ទផ្ទាល់ទៅ ទូរទស្សន៍ជាតិកម្ពុជា ផ្សព្វផ្សាយតាមបណ្តាញសង្គមមានដូចជា ហ្វេសប៊ុក តិកតុក យូធូប គេហទំព័រមន្ទីរ ក្នុងនោះមន្ទីរបាន ផលិតកម្មវិធីផ្សាយផ្ទាល់ តាមវិទ្យុជាតិខេត្ត ផេកទូរទស្សន៍ជាតិខេត្ត និងផេកមន្ទីរព័ត៌មានខេត្ត ក្នុងពេលដំណាលគ្នា រួមមាន៖ កម្មវិធី ព័ត៌មានព្រឹកនេះ ចាប់ពីម៉ោង ៨-៩ ព្រឹក និង កម្មវិធី បច្ចុប្បន្នភាពកម្ពុជា ចាប់ពីម៉ោង ១៤-១៥ រសៀល រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ។

ឯកឧត្តមប្រធានមន្ទីរ បានបន្ថែមទៀតថា ការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត មានស្ថានីយវិទ្យុ កំពុងដំណើរការផ្សាយមានចំនួន ៧ស្ថានីយ ក្នុងនោះស្ថានីយផ្សាយផ្ទាល់មានចំនួន ៥ស្ថានីយ និងផ្សាយបន្តមានចំនួន២ស្ថានីយ។ ស្ថានីយទូរទស្សន៍ (គ្មាន) ទូរទស្សន៍អនឡាញ ១ស្ថានីយរបស់មន្ទីរ និងស្ថានីយទូរទស្សន៍ខ្សែកាប មានចំនួន ៤ស្ថានីយ។ ស្នាក់ការអង្គភាពសារព័ត៌មានក្នុងខេត្តមានចំនួន ២០ មានដូចជា៖ គេហទំព័រ ១២អង្គភាព កាសែត ៨អង្គភាព ដោយក្នុងនោះមាន ២អង្គភាព (គ្មានសកម្មភាព) ៕