Social Network

ព្រឹកថ្ងៃទី២៨ធ្នូ គ.ជ.ប រៀបចំចាប់ឆ្នោត ដើម្បី​កំណត់លំដាប់​លេខរៀង​ឈ្មោះគណបក្ស លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត​ព្រឹទ្ធសភា

ភ្នំពេញ៖ គ.ជ.ប បានប្រកាសថា នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨កន្លះព្រឹក គ.ជ.ប នឹងរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ពិធីនេះ នឹងធ្វើឡើង នៅទីស្តីការគ.ជ.ប ជាន់ទី១ ដោយមានការនិមន្តចូលរួម និងចាប់ឆ្នោតដោយសម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ។

សូមរម្លឹកថា ការបោះឆ្នោតព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយ ចំនួន ៤ បានចុះបញ្ជី និងដាក់បេក្ខជនឈរឈ្មោះ ចូលរួមប្រកួតប្រជែងការបោះឆ្នោត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ១១៦២២រូប និងសមាជិករដ្ឋសភា ឬអ្នកតំណាងរាស្ត្រក្នុងតំណែង ១២៥រូបប៉ុណ្ណោះ ជាអ្នកបោះឆ្នោត។

លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បង្ហាញថា មានគណបក្ស ៩ បានជាប់ឆ្នោត ដែលមានសមាសភាពសរុប ១១៦២២រូប។

ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតច្រើនជាងគេ ជាង ៨០ភាគរយ ដោយមានសមាសភាពជាក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ៩៣៧៦រូប។

គណបក្សភ្លើងទៀន មាន ២១៩៨រូប។ គណបក្សហ៊្វុនស៊ិនប៉ិច ១៩រូប។ គណបក្សរួបរួមជាតិ ១៣រូប។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៦រូប។

គណបក្សខ្មែរស្រឡាញ់ជាតិ ៥រូប។ គណបក្សយុវជនកម្ពុជា ៣រូប។ គណបក្សកម្ពុជានិយម ១រូប។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១រូប។

ដោយឡែក លទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គឺក្នុងចំណោមអាសនៈរដ្ឋសភា សរុប ១២៥រូប មានគណបក្សប្រជាជនកម្ពុជា ១២០រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ៥រូប៕

ដកស្រង់ពី៖ កោះសន្តិភាព