Social Network

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ៖ ព្រះពុទ្ធសាសនាពិតជាបាន ចូលរួមចំណែកក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ កសាងបាននូវមូលធនមនុស្ស ចែករំលែក

ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣–សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ព្រះពុទ្ធសាសនាពិតជាបាន ចូលរួមចំណែកដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ កសាងបាននូវមូលធនមនុស្ស ដែលមានទាំងចំណេះដឹង និងគុណធម៌សម្រាប់ចូលថែរក្សា ការពារ និងកសាងប្រទេសជាតិឱ្យបន្តស្ថិតលើមាគ៌ានៃសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្ដេចវិបុលសេនាភក្តីបានថ្លែងដូច្នេះ ក្នុងខណៈអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី៣១ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលវិទ្យាស្ថានជាតិអប់រំ។

សម្ដេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា បានមានប្រសាសន៍លើកឡើង អំពីការរីកចម្រើននៃវិស័យធម្មការនិងសាសនា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ដោយបង្ហាញយ៉ាងច្បាស់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជា កំពុងតែប្រតិបត្តិការងាររបស់ខ្លួនដោយរលូន នៅគ្រប់ទិសទីទូទាំងប្រទេស ដោយប្រកាន់ខ្ជាប់នូវការគោរពសហប្រតិបត្តិការ សាមគ្គីភាពយ៉ាងជិតស្និទ្ធ ស្មោះត្រង់ ដោយឈរលើគោលការណ៍គោរព អធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ដើម្បីសម្រេចបានសាមគ្គីភាព សុខដុមរមនាសាសនានិងសង្គមជាតិ។

សម្ដេចគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងបរិមាណនិងគុណភាពវិស័យពុទ្ធិកសិក្សាជាវិស័យដ៏សំខាន់សម្រាប់ការបណ្ដុះបណ្ដាលធនធានព្រះសង្ឃក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយបានបណ្ដុះបណ្ដាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សារហូតដល់ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សាថែមទៀតផង។

ក្រៅពីសមិទ្ធផលនៃសុខដុមរមនាសាសនា វឌ្ឍនភាពនៃព្រះពុទ្ធសាសនា និងពុទ្ធិកសិក្សាកម្មវិធីអប់រំមួយចំនួន ដូចជា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចអាចារ្យខ្មែរ និងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនាត្រូវបានបង្កើឡើង ដើម្បីផ្សព្វផ្សាយនូវទ្រឹស្តីព្រះពុទ្ធសាសនា បញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាកុលបុត្រ កុលធីតាខ្មែរ ពិសេសសិស្សានុសិស្សឱ្យបានយល់ដឹងអំពីបាបបុណ្យគុណទោស ហើយវៀរចាកអំពើអបាយមុខ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ការជួញដូរកុមារ អំពើហិង្សាក្នុងគ្រួសារ និងផុតពីជំងឺអេដស៍ជាដើមនិងក្សាខ្លួនក្នុងសុចរិត យុត្តិធម៌ គោរពច្បាប់ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូផង់របស់ជាតិ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា បានថ្លែងថា នយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី ទាំងស្រុង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារយ៉ាងគត់មត់ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ ដែលជា មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យធម្មការនិងសាសនា ក៏មានការរីចម្រើនគួរឱ្យកត់សម្គាល់ ទាំងបរិមាណ និងគុណភាព។

បច្ចុប្បន្ន ក្រោមដំបូលនៃសន្តិភាព វត្តអារាមក៏ត្រូវបានកសាងឡើងវិញជា បន្តបន្ទាប់ពាសពេញប្រទេស គ្រប់រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ក្នុងនោះ ព្រះ ពុទ្ធសាសនា ថេរវាទ មានវត្តសរុបចំនួន ៥ ១៣៣ វត្ត មហានិកាយ ៤ ៨៦៦ វត្ត ធម្មយុត្តិកនិកាយ២៦៧វត្ត។

ព្រះសង្ឃសរុបចំនួន៦៨៩៦៧អង្គ មហានិកាយ ៦៦ ៦០៩ អង្គ ធម្មយុត្តិកនិកាយ ២ ៣៥៨ អង្គអាចារ្យ អាចារិនី ដែលទទួល បានការបណ្តុះបណ្តាលចំនួន ១១ ៣៨៨ រូប។ ចំពោះវិស័យពុទ្ធិកសិក្សា យើង មានសាលាធម្មវិន័យ ថ្នាក់ត្រី ទោ ឯក មានចំនួន ៥២៩ សាលា សមណសិស្ស- សិស្សចំនួន ១០ ៩៩២ អង្គ/នាក់។ ពុទ្ធិកបឋមសិក្សា មានចំនួន ៩៥០ សាលា សមណសិស្ស-សិស្សមានចំនួន ២៥ ០៤៥ អង្គ/នាក់។ ពុទ្ធិកមធ្យមសិក្សា បឋមភូមិមានចំនួន ៣៨ សាលា សមណសិស្ស-សិស្សមានចំនួន៥ ៩៣៣ អង្គ/នាក់។

ពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានចំនួន ១៤ សាលា សមណសិស្ស- សិស្សមានចំនួន២ ០៩៦ អង្គ/នាក់។ ពុទ្ធិកសាកលវិទ្យាល័យមានចំនួន ៣ គឺ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ចំណែក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន២សាខា គឺខេត្តកំពង់ឆ្នាំង និងខេត្ត បាត់ដំបង។ ដោយឡែកពុទ្ធសាសនាមហាយាន និងសាសនាផ្សេងៗ ក៏កំពុង មានវត្តមាននិងធ្វើសកម្មភាពប្រកបដោយសុខដុមនីយកម្ម នៅក្នុងព្រះរាជាណា ចក្រកម្ពុជា។

ឯកឧត្ដមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចបន្តដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាតវៃនិងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអនុវត្តនិង ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងបានដាក់ចេញនូវយុទ្ធសាសស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយយ៉ាងជាក់លាក់ សម្រាប់ឱ្យគ្រប់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលយកទៅអនុវត្តតាមជំនាញ និងវិស័យរបស់ខ្លួន ដើម្បីបម្រើប្រជាជនជាម្ចាស់ឆ្នោត ដែលបានផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបន្តការដឹកនាំប្រទេស ធ្វើឱ្យមានភាពរីកចម្រើន ជាបន្តបន្ទាប់បន្ថែមទៀត។

គួរបញ្ជាក់ដែរថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៣នេះ មានសមាសភាព យាង និមន្ត និងអញ្ជើញចូលរួម ជា កិត្តិយសពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃ នាយករង សម្តេច ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំបរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនាដទៃទៀត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួនប្រមាណជាង ១ ០០០ អង្គ/ នាក់

ដកស្រង់ពី៖ ទទក-TVK