Social Network

ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គសម្រេចលើបណ្ដឹងរបស់បក្សចំនួនពីរ

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ពាក់ព័ន្ធនឹងការទាមទារឲ្យ គ.ជ.ប ទទួលចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលសារព័ត៌មាន«កម្ពុជាថ្មី» ទទួលបានរសៀលថ្ងៃនេះ បានឲ្យដឹងថា កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នឹងធ្វើឡើងក្រោមការដឹកនាំដោយលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅអគារស វិមានរដ្ឋចំការមន។

ក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២៥ ខែឧសភា នឹងពិនិត្យ និងសម្រេចលើបណ្ដឹងរបស់គណបក្សភ្លើងទៀនប្តឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ២៣៣ គ.ជ.ប ស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣

របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត

និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥មណ្ឌលរាជធានី-ខេត្ត។ ទន្ទឹមនេះ កិច្ចប្រជុំ ក៏នឹងពិនិត្យ

និងសម្រេចលើបណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរប្ដឹងសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ សម្រេចពីលទ្ធភាពស្តីពីការចុះបញ្ជីឈរឈ្មោះបោះឆ្នោត

និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី