Social Network

សាធារណរដ្ឋឆេក និងមន្ទីរពេទ្យកុមារជាតិរួមគ្នាបង្កើត ម៉ូបាលអេប ថ្មីមួយដើម្បីគាំពារដល់សុខភាពមាតា​ និងទារក

សាធារណរដ្ឋឆេក និងមន្ទីរពេទ្យកុមារជាតិ បានរួមគ្នាអភិវឌ្ឍន៍ ម៉ូបាលអេប ថ្មីមួយដើម្បីគ្រប់គ្រងព័ត៍មានសុខភាពមាតានិងទារកឱ្យបានកាន់តែល្អប្រសើរសំដៅកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារកឱ្យកាន់តែថយចុះថែមទៀត។

នៅក្នុងដំណើរទស្សនកិច្ចរបស់គណប្រតិភូឆេកដឹកនាំដោយលោក Petr Gandalovic ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍ និងជំនួយមនុស្សធម៌ តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឆេកនៅព្រឹកថ្ងៃទី១៧ឧសភានៅមន្ទីរពេទ្យកុមារជាតិ

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថានៅពេលម៉ូបាលអេប ថ្មី នេះដាក់ឱ្យដំណើរការនឹងជួយលើកម្ពស់សុខភាពមាតានិងទារកនៅប្រទេសកម្ពុជាកាន់តែល្អប្រសើរ

ឡើងថែមទៀតព្រោះថាអេបនេះងាយស្រួលប្រើប្រាស់និងអាចប្រើបានគ្រប់ទីកន្លែងមិនថាមានសេវាអ៊ិនធឺណេតឬមិនមាននោះទេ។

ជាងនេះទៀតនៅក្នុងអេបមានកត់ត្រាទាក់ទិននឹងប្រវត្តិសុខភាពរបស់ស្ត្រីមានផ្ទៃពោះ ការព្យាបាល របៀបថែរក្សាទារកឱ្យបានល្អ ប្រាប់ពីកន្លែងព្យាបាលនិងទៅជួបគ្រូពេទ្យនៅពេលស្ត្រីមានបញ្ហាគក៌និងប្រាប់ពីរោគសញ្ញាអ្វីខ្លះពេលដែលស្ត្រីមានបញ្ហាគក៌ផងដែរ។

លោក សាស្ត្រាចារ្យបានបន្តថាមិនត្រឹមតែស្ត្រីមានផ្ទៃពោះទទួលបានផលប្រយោជន៍ពីអេបនេះទេសូម្បីតែគ្រូពេទ្យព្យាបាលក៏ទទួលបានអត្ថប្រយជន៍ពីអេបនេះដែរដោយគាត់អាចដឹងពីប្រវត្តិរបស់អ្នកជំងឺបានច្បាស់លាស់ងាយស្រួលព្យាបាលនិងអាចបញ្ចូលព័ត៍មានថ្មីៗបន្ថែមទៀតក្នុងអេបបានទៀតផងពេលពិនិត្យអ្នកជំងឺរួចរាល់ហើយថ្ងៃក្រោយស្ត្រីមានផ្ទៃពោះអាចទៅជួបគ្រូពេទ្យនៅកន្លែងណាក៏បានដែរឱ្យតែមានភ្ជាប់អេបនេះ។

លោក សាស្ត្រាចារ្យបានបន្ថែមថាម៉ូបាលអេប ថ្មីនេះបានអភិវឌ្ឍន៍រួចរាល់ហើយនៅសល់តែការត្រួតពិនិត្យពាក្យពេចន៍បច្ចេកទេសខ្លះព្រោះត្រូវបកប្រែពីភាសាឆេកមកភាសាខ្មែរនិងពិនិត្យមើលខ្លឹមសារអប់រំនៅក្នុងមាតិកាថាតើឆ្លើយតបទៅនឹងខ្លឹមសាររបស់ក្រសួងសុខាភិបាលដែរឬទេ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថាតាមផែនការម៉ូបាល អេបនេះគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៤ខាងមុខនេះដែលជំហានដំបូងមន្ទីរពេទ្យកុមារជាតិនឹងអនុវត្តសាកល្បងជាមុនសិនដើម្បីឱ្យដឹងពីគុណភាពនិងប្រសិទ្ធភាពនៃការប្រើអេបនេះ។

លោកសាស្ត្រាចារ្យបានឱ្យដឹងទៀតថាក្រៅពីអភិវឌ្ឍន៍អេប ថ្មីនេះសម្រាប់៣ឆ្នាំខាងមុខ២០២៤ដល់២០២៦ ឆេកក៏មានគម្រោងជួយពង្រឹងសមត្ថភាពនិងអភិវឌ្ឍន៍មន្ទីរពេទ្យកុមារជាតិបន្ថែមទៀតនិង

គម្រោងមណ្ឌលសុខភាពមាតានិងទារកជុំវិញកំណើតស្ត្រីមានផ្ទៃពោះរហូតដល់សម្រាលបាន២ឆ្នាំដែលគម្រោងនេះបានជួយកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកបានច្រើននិងអនុវត្តបានជោគជ័យរួចមកហើយនៅប្រទេសឆេក៕ 

ដកស្រង់ពី៖ កម្ពុជាថ្មី