(ភ្នំពេញ)៖ ក្នុងឱកាសដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងសប្បាយរីករាយ និងមានមោទកភាពចំពោះកីទ្បាករ កីទ្បាការិនីកម្ពុជា ដែលដណ្តើមបានមេដាយយ៉ាងច្រើនជូនជាតិ
ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជន គណបក្សថ្នាក់កណ្តាល
តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល
និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខលោកស្រី យូ អយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដល់គេហដ្ឋាន នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ចាយ បូរិន ប្រធានប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេច និងលោក លោកស្រី ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោកស្រី យូ អយ និងក្រុមគ្រួសារ។
លោកស្រី យូ អយ បានថ្លែងថា គ្រួសារយើងខ្ញុំ ពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរ សុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន។
លោកស្រីក៏បានបញ្ជាក់ពីការគាំទ្រចំពោះបេក្ខភាព សម្តេចតេជោ ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត។
លោកស្រីក៏បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយដោយក្តីស្រឡាញ់រាប់អានជាទីបំផុត និងសូមកោតសរសើរដោយស្មោះចំពោះយុវជនគណបក្សថ្នាក់កណ្តាល ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយលោកស្រី ក៏បានលើកទឹកចិត្តដល់យុវជនគណបក្សទាំងអស់ត្រូវ ៖
១៖ ត្រូវស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជាជាដាច់ខាត ២៖ ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពបន្ថែមនូវអ្វីដែលខ្វះខាត
៣៖ ត្រូវធ្វើតែអំពើល្អគ្រប់កន្លែង ទាំងនៅកន្លែងរស់នៅ និងកន្លែងបម្រើការងារ ៤៖ ត្រូវថែរក្សាប្រពៃណីដ៏ល្អរបស់យើង ៥៖ ថែទាំសុខភាពឲ្យបានល្អ ដើម្បីចូលរួមចំណែកកសាង
និងអភិវឌ្ឍប្រទេសជាតិ លោកស្រី បានរៀបរាប់ពីប្រវត្តិការងារថា ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ បានចូលបម្រើការងារនៅមន្ទីរគ្រប់គ្រងសណ្ឋាគាររដ្ឋក្រុងភ្នំពេញ ជាមន្រ្តីក្រសួងការបរទេស អនុប្រធាន
ប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ានកម្ពុជា សមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី អគ្គលេខាធិការគណៈកម្មាធិការកម្ពុជាការពារសាមគ្គីភាព សមាជិកអចិន្រ្តៃយ៍
នៃអង្គការសាមគ្គីភាពអាស៊ីអាព្រិច រដ្ឋលេខាធិការក្រសួងកិច្ចការនារី អតីតយុទ្ធជន ២អាណត្តិ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។
លោកប្រធានប្រតិភូ បានសម្តែងការកោតសសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារយ៉ាងច្រើនឥតគណនារបស់លោកស្រី យូ អយ និងការលះបង់កម្លំាងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកបម្រើគណបក្ស ក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន បានប្រគល់វត្ថុអនុស្សាវរីយ៍ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកស្រី យូ អយ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សាលោកស្រី ទទួលបានសុខភាពល្អ និងបានជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕
ដកស្រង់ពី៖Fresh News