Social Network

កម្ពុជាចូលរួមព្រឹត្តិការណ៍សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន លើកទី១ នៅប្រទេសចិន

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យក្រុមសិល្បករកម្ពុជាចំនួន ១២រូប ដឹកនាំដោយលោក លី វណ្ណា អនុរដ្ឋលេខាធិការ ចូលរួមកម្មវិធី «សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-អាស៊ានលើកទី១» នៅទីក្រុងណាននីង នៃខេត្តក្វាងស៉ី សាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍

«សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន» នៃទីក្រុងណាននីង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងព្រឹត្តិការណ៍បេតិកភណ្ឌវប្បធម៌អរូបីនេះ ក្រុមសិល្បករកម្ពុជាបាននាំយកសកម្មភាពចូលរួមសំខាន់ៗចំនួន៣៖

១៖ ការចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីសប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន និងការធ្វើបទបង្ហាញអំពី «សមិទ្ធិផលសំខាន់ៗនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា» នៅក្នុងកម្មវិធីវេទិកាវប្បធម៌អរូបីចិន-អាស៊ាន របស់លោក លី វណ្ណា។

២៖ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរចំនួន៦ទំរង់ និងការតាំងពិព័រណ៍អំពីផលិតផលក្នុងស្រុកធ្វើដោយដៃ ដែលក្នុងនោះរួមមាន សម្លៀកបំពាក់ប្រពៃណី, សំពត់ហូលពិដាន, មុខខ្មុក, ស្បែកតូច, ក្រម៉ា, បណ្តោងសោ, ស្ទីកគ័រគំនូរបុរាណ, រូបគំនូរបុរាណ, តែខ្ញី និងវត្ថុអនុស្សាវរីយ៍ដទៃទៀត។

ក្រុមនិស្សិតចិនដែលកំពុងរៀនភាសាខែ្មរ និងក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តក្វាងស៉ី បានមកចូលរួមជួយរៀបចំការដាក់តាំងពិព័រណ៍នេះផងដែរ និងបាននាំយកនំបញ្ចុក, ទឹកសណ្តែក និងបង្អែមចេកខ្ទិះមកដាក់តាំង និងចែកជូនភ្ញៀវទស្សនិកជនពិសាដោយឥតគិតថ្លៃទៀតផង ដើម្បីផ្សព្វផ្សាយម្ហូបខ្មែរ។ ជាមួយនឹងការដាក់តាំងពិព័រណ៍នេះ ក្រុមសិល្បករខ្មែរបានសម្តែងរបាំឆៃយ៉ាំជូនភ្ញៀវទស្សនា និងនាំភ្ញៀវទស្សនិកជនរាំកំសាន្តយ៉ាងសប្បាយកុះករ។

របាំឆៃយ៉ាំ និងការច្រៀងរាំកំសាន្តនេះ បានទាក់ទាញភ្ញៀវទស្សនិកជនចិន, អាស៊ាន និងជនបរទេសដទៃទៀតចូលរួមយ៉ាងច្រើន និងសប្បាយរីករាយក្រៃលែង។ ៣៖ សម្តែងសិល្បៈ ដោយលើកយកល្ខោនខោល, ល្ខោនស្រមោលស្បែកធំ និងរបាំឆៃយ៉ាំ មកចូលរួមសម្តែងជូនទស្សនិកជនចិន និងបណ្តាភ្ញៀវអន្តរជាតិដែលមកចូលរួមកម្មវិធីសប្តាហ៍វប្បធម៌អរូបីនេះ។

នៅក្នុងព្រឹត្តិការណ៍ «សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ានលើកទី១» មានអ្នកចូលជាច្រើនរយនាក់ដែលក្នុងនោះ រួមមាន៖ សិល្បករមកពីប្រទេសអាស៊ានចំនួន៦ (កម្ពុជា, ឡាវ, វៀតណាម, ថៃ, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៉ី) និងក្រុមសិល្បករ និងអ្នកជំនាញវប្បធម៌អរូបីចិនមកពីខេត្តចំនួន២៥ បានចូលរួមធ្វើបទបង្ហាញក្នុងវេទិកាវប្បធម៌អរូបីចិន-អាស៊ាន, ដាក់តាំងបង្ហាញផលិតផលសិល្បៈ និងវប្បធម៌ ព្រមទាំងសម្តែងសិល្បៈប្រចាំតំបន់របស់ខ្លួនតាមកម្មវិធីដែលបានគ្រោងទុក។

ព្រឹត្តិការណ៍វប្បធម៌អរូបីនេះ ពិតជាបានផ្តល់ឱកាសអោយកម្ពុជាបានផ្សព្វផ្សាយនូវបេតិកភណ្ឌវប្បធម៌អរូបីរបស់ខ្លួនលើឆាកអន្តរជាតិ ជាពិសេសដល់ប្រទេសចិន និងបណ្តាប្រទេសអាស៊ានមួយចំនួនដែលបានអញ្ជើញមកចូលរួម ព្រមទាំងទទួលបានចំណេះ និងបទពិសោធន៍ថ្មីៗពីបណ្តាប្រទេសដទៃជាពិសេសចិន និងអាស៊ានក្នុងវិស័យអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបីនៅក្នុងតំបន់។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈកម្មាធិការរៀបចំសប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ានលើកទី១

នៅទីក្រុងណាន នីងនៃខេត្តក្វាងស៉ីនេះ ដែលបានអញ្ជើញក្រុមសិល្បករកម្ពុជាចូលរួមផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា និងផ្លាស់ប្តូរចំណេះ បទពិសោធន៍ជាមួយចិន និងបណ្តាប្រទេសអាស៊ានដែលបានចូលរួមកម្មវិធីនេះ៕

ដកស្រង់ពី៖ Fresh News