Social Network

លោក ខៀវ កាញារីទ្ធ អនុញ្ញាតកីឡាករ Thiago Teixeira ចូលជួបសម្តែងការគួរសម និងជូនថវិកាឧបត្ថម្ភ

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យឧកញ៉ា ស្រី ចាន់ថន ដឹកនាំកីឡាករប្រដាល់គុនខ្មែរសញ្ជាតិប្រេស៉ីល លោក Thiago Teixeira និងភរិយា ចូលជួបសម្តែងការគួរសម និងផ្តល់ជូនថវិការបស់លោករដ្ឋមន្ត្រី ចំនួន ១ ០០០ដុល្លារ និងថវិការបស់លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួន ៥០០ដុល្លារ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ការជួយឧបត្ថម្ភដល់កីឡាករប្រដាល់គុនខ្មែរ សញ្ជាតិប្រេស៉ីល ធ្វើឡើងបន្ទាប់ពីកីឡាករនេះ បានចូលរួមប្រកួតកម្មវិធីប្រដាល់ APEX Fighte Series ដណ្តើមខ្សែក្រវាត់ WMO នៅសង្វៀន LKH Arena ប្រទេសអាល្លឺម៉ង់។

ប៉ុន្តែនៅពេលកីឡាករ Thiago វាយឈ្នះ បែរជាអ្នករៀបចំការប្រកួតដកខ្សែក្រវាត់ និងហាម Thiago មិនឲ្យប្រកួតព្រឹត្តិការណ៍ WMO ថែមទៀត ដោយសារតែ Thiago ប្រកាសខ្លួនវាយតំណាង «គុនខ្មែរ»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសឧបត្ថមដល់កីឡាករ Thiago ចំនួន ២ម៉ឺនដុល្លារ និងបង្ហើបពីការទូលថ្វាយព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរ ដល់កីឡាករប្រេស៉ីលរូបនេះផងដែរ បើមិនមានបញ្ហាផ្នែកច្បាប់។

ក្រៅពីនេះ ក៏មានអ្នកមន្ត្រីរាជរដ្ឋាភិបាល និងអ្នកមានធនធានបរិច្ចាគថវិកា ជួយកីឡាករ Thiago ផងដែរ៕

ដកស្រង់ពី៖ Fresh News