Social Network

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល តែងចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌ ក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ របស់ផ្សារទំនើប Aeon Mall Mean Chey នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងបានចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌ ក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមអបអរសាទរ ចំពោះសមិទ្ធផលផ្សារទំនើប Aeon Mall Mean Chey ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុន AEON Mall (Cambodia) Co., LTD នៅក្នុងប្រទេសកម្ពុជា ដែលពិតជាបានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត ស្មារតីសុទិដ្ឋិនិយម និងឆន្ទៈដ៏មុតមាំរបស់ក្រុមហ៊ុន ក្នុងការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ជាពិសេសការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពធន់ និងរីកចម្រើនរឹងមាំ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា សំណង់ និងការរៀបចំផ្សារដ៏ទំនើបមួយនេះ ក៏បានបង្ហាញថា ក្រុមហ៊ុនមិនបានផ្តោតតែទៅលើការទាញយកផលចំណេញប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ក៏បានគិតគូរផងដែរ អំពីការចូលរួមក្នុងកិច្ចការសង្គម តាមរយៈសកម្មភាពមួយចំនួន ដូចជា៖

ការបន្តគាំទ្រដល់ផលិតផលក្នុងស្រុក, ការរៀបចំកម្មវិធីវប្បធម៌ជាប្រចាំ ជាមួយនឹងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ដើម្បីចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ និងការចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាដើម។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ដថា សមិទ្ធផលទាំងនេះ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍរបស់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការផ្តល់ឱកាសការងារ ជូនដល់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់ ព្រមទាំងឱកាសវិនិយោគ និងអាជីវកម្មថ្មីៗសម្រាប់វិនិយោគិននិងអាជីវករទាំងក្នុង និងក្រៅស្រុក។

ជាមួយនឹងវត្តមានរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងវិនិយោគិន ធុរជន និងដៃគូអភិវឌ្ឍន៍ មកពីប្រទេសជប៉ុននាឱកាសនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមយកឱកាសនេះ

សម្តែងនូវការអបអរសាទរ ចំពោះការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការកម្ពុជា-ជប៉ុន ជាពិសេសការលើកកម្ពស់កម្រិត នៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់ពីឆ្នាំ២០២៣ នេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ភាពជាដៃគូកម្ពុជា-ជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងផ្នែកពាណិជ្ជកម្ម, ការអភិវឌ្ឍ,

មនុស្សធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បានក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលបានចូលរួមដល់ការពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាលើគ្រប់វិស័យ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងបានចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌ ក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច។

ជាមួយនឹងសុខសន្តិភាព ដែលសម្រេចបានដោយលំបាក, រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញពីផេះផង់នៃសង្គ្រាម រហូតបានក្លាយជា សេដ្ឋកិច្ចមួយប្រកបដោយថាមវន្ត និងមានភាពរស់រវើក តាមរយៈការដាក់ចេញ និងការអនុវត្តគោលនយោបាយ, យុទ្ធសាស្ត្រ និងវិធានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ប្រកបដោយភាពប្រាកដនិយម និងដោយផ្តោតលើតម្រូវការជាក់ស្តែង, ជីវភាព និងសុខទុក្ខរបស់ប្រជាជនជាធំ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ក្នុងរយៈកាលកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបាននូវកំណើនយ៉ាងលឿន ដែលបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាល អាចរំដោះប្រជាជនជាច្រើន

លាននាក់ចេញពីភាពក្រីក្រ និងបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងសំដៅទៅរកការសម្រេចបាន នូវចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា ពិតណាស់ សមិទ្ធផលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងនេះ គឺសម្រេចបានដោយសារការចូលរួម និងការលូតលាស់នៃវិស័យឯកជន

ដោយមានការទ្រទ្រង់ពីរាជរដ្ឋាភិបាល តាមរយៈការបង្កភាពអំណោយផលដល់បរិយាកាសធុរកិច្ច និងការពង្រឹងការប្រកួតប្រជែងនៅក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី។

ក្នុងន័យនេះ រាជរដ្ឋាភិបាលតែងបានខិតខំប្រឹងប្រែង និងបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និងវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ សំដៅគាំទ្រដល់ការលូតលាស់របស់វិស័យឯកជន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាក់ស្តែង ជាមួយនឹងការចូលរួមរបស់វិស័យឯកជន, សេដ្ឋកិច្ចរបស់កម្ពុជាអាចងើបឡើងវិញចេញពីវិបត្តិនៃជំងឺកូវីដ-១៩

បានយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៣% ក្នុងឆ្នាំ២០២១ ហើយសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានប៉ាន់ប្រមាណថាមានកំណើនប្រមាណ ៥.២% នៅឆ្នាំ២០២២ និងប្រមាណ ៥.៦% នៅឆ្នាំ២០២៣៕

ដកស្រង់ពី៖ Fresh Nesh