Social Network

កម្ពុជា-តួកគី ជួបជជែកគ្នា លើការងារបង្កើតកិច្ចព្រមព្រៀង សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ

នំពេញ៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Hüsnü Dilemre អគ្គនាយកទទួលបន្ទុក កិច្ចព្រមព្រៀងអន្តរជាតិ និងកិច្ចការ សហភាពអឺរ៉ុប នៃក្រសួងពាណិជ្ជកម្មតួកគី ដែលធ្វើឡើងតាមតាមប្រព័ន្ធវីដេអូ។

ផេកផ្លូកការរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៧ ខែមេសានេះ បានឲ្យដឹងថា គោលបំណង នៃជំនួបពិភាក្សានេះ គឺដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

រវាងប្រទេសទាំងពីរ និងពិគ្រោះយោបល់លើ លទ្ធភាពក្នុងការសិក្សាសមិទ្ធិលទ្ធផល(Feasibility Study) ក្នុងការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច និងស្វែងយល់ពីលទ្ធភាព ក្នុងការរៀបចំបង្កើតកិច្ចព្រមព្រៀងភាពនេះ។

ភាគីទាំងពីរ បានកត់សម្គាល់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ភាគីទាំងពីរ បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះភាពជោគជ័យ ក្នុងការរៀបចំ នូវកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះ រវាងកម្ពុជា

-តួកគី ដែលបានប្រព្រឹត្តទៅ កលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ជាមួយនឹងលទ្ធផលជាផ្លែផ្កា ដែលនឹងចូលរួមពង្រឹងកិច្ចសហ ប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ប្រភពដដែល បានឲ្យដឹងទៀតថាៈ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីកំណើន នៃពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានក្នុងទំហំ ១៥២ លានដុល្លាអាម៉េរិក ក្នុងឆ្នាំ ២០២២ ដែលមានកំណើនប្រមាណ ៧០% បើធៀបនឹងឆ្នាំ២០២១។

ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរយោបល់ ជុំវិញយន្តការនានា សំដៅបន្តលើក កម្ពស់ការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើង ថែមទៀត។

ក្នុងន័យនេះ ភាគីទាំងពីរ បានលើកទឹកចិត្តឱ្យមានការសហការ ស្អិតរមួត រវាងវិស័យឯកជន ពិសេសសភាពាណិជ្ជកម្មប្រទេសពីរ ។

ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើលទ្ធភាព ក្នុងការរៀបចំនូវ ការសិក្សាសមិទ្ធិលទ្ធផល (Feasibility Study) ដើម្បីវិភាគលើផល ចំណេញសេដ្ឋកិច្ច និងលទ្ធភាពរៀបចំកិច្ចព្រមព្រៀងភាពភាពជាដៃគូសេដ្ឋកិច្ច (Economic Partnership Agreement) ឬក្រោមទំរង់ណាមួយ នាពេលខាងមុខ ក្រោយលទ្ធផល នៃការសិក្សាបញ្ចប់។

គិតក្នុងឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបានប្រមាណ ១៥២ លានដុល្លាអាម៉េរិក ជាមួយនឹងអត្រាកំណើន ប្រមាណ ៧០% បើធៀបនឹង ឆ្នាំ២០២១។

ទំនិញនាំចេញសក្តានុពលពីកម្ពុជា ទៅកាន់តួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។

រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន៖ វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ជាដើម៕

ដកស្រង់ពី៖ រស្មីកម្ពុជា