Social Network

ព្រឹទ្ធសភានឹងពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា-ឡាវ នាថ្ងៃទី១០ ខែមេសាខាងមុខ

(ភ្នំពេញ)៖ ព្រឹទ្ធសភានឹងបន្តសម័យប្រជុំលើកទី១០ នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ខាងមុខ ដើម្បីពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣

វេលាម៉ោង៨៖០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤។

សេចក្ដីព័ត៌មានដដែលបានបញ្ជាក់ថា ការបន្តសម័យប្រជុំលើកទី១០ខាងមុខនោះ គឺមានរបៀបវារៈតែមួយទេ

«ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ»៕

ដកស្រង់ពី៖ Fresh News