Social Network

ប្រធានបទសំខាន់ចំនួនបី កម្ពុជា បានលើកឡើង ក្នុងវេទិកា Boao សម្រាប់អាស៊ី នៅប្រទេសចិន

ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តាមនាមលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងពិភាក្សា ក្នុងសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកា Boao សម្រាប់អាស៊ី ក្រោមប្រធានបទ “ពិភពលោកមិនច្បាស់លាស់៖

សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍចំពេលមានបញ្ហាប្រឈម (An Uncertain World: Solidarity and Cooperation for Development amid Challenges)” ដែលប្រព្រឹត្តទៅ

នៅថ្ងៃទី២៩ និងទី៣០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តហៃណាន ប្រទេសចិន។ក្រសួងពាណិជ្ជកម្ម នៅក្នុងផេកហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី៦ ខែមេសានេះ បានសសេរថាៈ វេទិកាខាងលើនេះ សម្រាប់ការសន្ទនាកម្រិតខ្ពស់ ដែលត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ និងមានអ្នកចូលរួមជាង ២.០០០ នាក់

មកពីរដ្ឋាភិបាល ពាណិជ្ជកម្មករ ប្រព័ន្ធផ្សព្វផ្សាយ ស្ថាប័នឧត្តមសិក្សា និងអង្គការអន្តរជាតិមកពីអាស៊ាន ជាពិសេសថ្នាក់ដឹកនាំចិន និងបណ្តាប្រទេសដទៃទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតផ្តួចផ្តើមរបស់ខ្លួន ស្តីពីការអភិវឌ្ឍអាស៊ាន និងពិភពលោក។

រួមជាមួយបណ្តាថ្នាក់ដឹកនាំដទៃទៀត លោករដ្ឋលេខាធិការ បានថ្លែងសុន្ទរកថាគន្លឹះ និងពិភាក្សាលើប្រធានបទ ដូចជា៖ ១)គម្រូនៃការផ្លាស់ប្តូរឌីជីថលបានក្លាយជាចលករសំខាន់កំណើនសេដ្ឋកិច្ចថ្មីនៅក្នុងតំបន់អាស៊ី។

២)តួនាទី នៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីបានចូលជាធរមាន និង៣)វឌ្ឍនភាពនៃដំណើរការ និងអនាគតក្របខណ្ឌសេដ្ឋកិច្ច Indo-Pacific ដែលដាក់ចេញដោយសហរដ្ឋអាម៉េរិក និងដៃគូក្នុងតំបន់របស់ខ្លួន។

លោកបានបង្ហាញពីសក្តានុពល, វិស័យសហប្រតិបត្តិការតំបន់ ដែលផ្តល់ផលប្រយោជន៍ រួមនឹងយុទ្ធសាស្រ្ត និងគោលនយោបាយតំបន់ ដែលអាស៊ាន បាននិងកំពុងប្រកាន់យក។

ទន្ទឹមនោះដែរ លោករដ្ឋលេខាធិការ ក៏បានចូលរួមក្នុងវេទិកា “ការអភិវឌ្ឍន៍កំពង់ផែពាណិជ្ជកម្មសេរីសកល” ដែលជាកម្មវិធីមួយដ៏មានសារៈសំខាន់របស់វេទិកា Boao ដើម្បីចែករំលែក អំពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមតំបន់ពាណិជ្ជកម្មសេរីអន្តរជាតិ (កំពង់ផែ)។

លោក រដ្ឋលេខាធិការ បានជម្រាបអង្គសន្និសីទថាៈ បច្ចុប្បន្ន នៅប្រទេសកម្ពុជា យើងកំពុងផ្តោតសំខាន់លើការអភិវឌ្ឍ និងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស ដែលមានស្រាប់ជាង ៥០ ទីតាំង ឱ្យអស់សក្តានុពលសំដៅផ្តល់ប្រយោជន៍ ជាអតិបរមា ដល់រោងចក្រ សហគ្រាស និងឧស្សាហកម្មនានា តាមរយៈការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងច្រៀតចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

ជាមួយនោះ លោកក៏បានជម្រាបផងដែរថាៈ រាជរដ្ឋាភិបាល កំពុងតែរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ដាក់ខេត្តព្រះសីហនុទាំងមូល ជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណងផងដែរ ដោយយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ

ទាំងផ្នែកទន់និងរឹង ធនធានមនុស្ស កំពង់ផែសមុទ្រ ព្រលានយន្តហោះ និងប្រព័ន្ធឡូជីស្ទីកនានា ផងដែរ សម្រាប់ជួយគាំទ្រដល់វិស័យទេសចរណ៍, ឧស្សាហកម្ម, កសិកម្ម និងការកែច្នៃ, ផ្នែកធុរកិច្ចឌីជីថល

និងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។

ក៏បានលើកទឹកចិត្ត និងជំរុញអ្នកអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មសេរី ក្នុងតំបន់អាស៊ី រួមគ្នាបង្កើតក្រុមប្រឹក្សាអ្នកអភិវឌ្ឍផ្នែកឯកជនដើម្បីចូលមកវិនិយោគ ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់

ដើម្បីទទួលបានទីផ្សារក្រៅប្រទេសដ៏ធំ, ពលកម្មមានជំនាញ, សេរីភាព នៃការយកមូលធនចេញ និងចូល ព្រមទាំងការលើកទឹកចិត្តជាច្រើន ផ្តល់ដោយរាជរដ្ឋាភិបាល។

មុននឹងបញ្ចាប់ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់ក្រុមការងារ និងអ្នករៀបចំសន្និសីទនេះ ជាពិសេសបានអញ្ជើញកម្ពុជា ដែលជាមិត្តដែកថែបរបស់ចិន ឱ្យចូលរួមសន្និសីទតំបន់នេះ

ដោយហេតុថា កម្ពុជាអាចចែករំលែកបទពិសោធន៍ល្អរបស់ខ្លួន លើកិច្ចការមួយចំនួន និងបានសិក្សារៀនសូត្របន្ថែមពីបណ្តាថា្នក់ដឹកនាំ ទាំងវិស័យរដ្ឋ និង ឯកជន ដែលបានចូលរួមសន្និសីទនោះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា