Social Network

ព័ត៌មានជាតិមកស្គាល់បេក្ខជនប្រធាន គ.ជ.ប ២រូបដែលត្រូវបានរដ្ឋសភាអនុម័ត

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជូនឈ្មោះបេក្ខជន២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅកាន់គណបក្សពាក់ព័ន្ធ ដើម្បីជ្រើសរើសយកបេក្ខជន១រូប ដើម្បីដាក់ជូនកិច្ចប្រជុំពេញ អង្គរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជំនួសដំណែងលោក ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង ដោយសារតែបញ្ហាសុខភាព។

បេក្ខជនប្រធាន គ.ជ.ប ២រូបនោះ គឺទី១ លោក ប្រាជ្ញ ច័ន្ទ អតីតអភិបាលខេត្តបាត់ដំបង អតីតអភិបាលខេត្តត្បូងឃ្មុំ អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធាន គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និង ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃ រដ្ឋសភា និងទី២ លោក ការ លាន ជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និង ជាអតីតអភិបាលរងខេត្តព្រះវិហារ។

នេះបើតាម ការបញ្ជាក់ពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំ។ ក្នុងចំណោមបេក្ខជនទាំងពីររូបនេះ គេអាចសន្និដ្ឋានបានថា លោក ប្រាជ្ញ ច័ន្ទ អាចជាបេក្ខជនប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសារតែបទពិសោធន៍របស់លោកច្រើន តែលោក ការ លាន មិនសូវលឺឈ្មោះនោះទេ។

លោក ស៊ិក ប៊ុនហុក បានសម្រេចលាលែងពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសាតែបញ្ហាសុខភាព ហើយលោកបានដាក់ ពាក្យទៅកាន់រដ្ឋសភា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានលើកយកមកប្រជុំពិភាក្សា និងអនុម័ត យល់ព្រមតាមសំណើរ។

សូមបញ្ជាក់ថា ទាក់ទងបញ្ហាបេក្ខភាពប្រធាន គ.ជ.ប នេះ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំពិនិត្យរួចហើយ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នឹងប្រជុំជាមួយខាងគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចជ្រើសរើសយកបេក្ខជន១រូប ក្នុងចំណោមពីររូប ដែលបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានគណៈម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ៕

ដកស្រង់ពី៖ កម្ពុជាថ្មី