Social Network

ផ្ទះ​បែ​ជនជាតិ​វៀតណាម​នៅ​ច្បារ​អំពៅជាង​១០០​បែ បាន​ភៀសខ្លួន​មក​ដល់​ក្បែ​ព្រំដែន​ហើយ

ខេត្តព្រៃវែង ៖ ផ្ទះបណ្តែតទឹក ដែលមានបែត្រីបង្កប់ពីក្រោមរបស់ជនជាតិវៀតណាម ជាង១០០បែ ដែលអាជ្ញាធររាជធានីភ្នំពេញ បានដេញអោយរុះរើចេញពីផ្ទៃទឹក កាលពីពេលថ្មីៗនោះឥឡូវពួកគេបានភៀសខ្លួនមកដល់ស្រុកលើកដែក ខេត្តកណ្តាល និងស្រុកពាមជរ ខេត្តព្រៃវែងហើយ ។

ក្រុមជនជាតិវៀតណាមដែលជាម្ចាស់បែត្រីទាំងនោះបានអោយដឹងថា ពួកគេបានបណ្តែតផ្ទះ និងបែត្រីចេញពីច្បារអំពៅតាមដងទន្លេមេគង្គចុះមកក្រោមអស់រយៈពេល៤ថ្ងៃ៤យប់ហើយដោយមានមនុស្សជាង១ពាន់នាក់ ហើយតាមផ្លូវ គឺមានសមត្ថកិច្ចប៉ូលិស ជិះទូកតាមគៀងរហូតមិនអោយចូលចតច្រាំងទេ រហូតមកដល់កោះពាមរាំងទើបសមត្ថកិច្ចគេទៅវិញអស់ ហើយពួកគេក៏ចូលចតច្រាំងបាននៅចំណុចឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនជាតិវៀតណាមទាំងនោះបានបន្តទៀតថា ក្នុងចំណោមពួកគេទាំងអស់ជាង១០០បែនោះ មានអ្នកខ្លះចង់ចុះទៅប្រទេសវៀតណាមវិញ តែខ្លះទៀតមិនចង់ទៅវិញទេ ព្រោះនៅទីនោះគ្មានសាច់ញាតិ ហើយទៅដល់ក៏មិនដឹងមានការងារអ្វីធ្វើដែរ ហើយដែលសំខាន់ពេលនេះ គឺនៅព្រំដែនខាងភាគីវៀតណាមបានបិទមិនអោយពួកគាត់ឆ្លងដែនចូលក្នុងប្រទេសទេ ដូច្នេះពេលនេះពួកគាត់មានតែសំងំរង់ចាំអោយខាងសមាគម និងទូតវៀតណាមជួយរកដំណោះស្រាយអោយតែប៉ុណ្ណោះ ។

ដោយឡែកខាងសមត្ថកិច្ចព្រំដែនច្រកទ្វាអន្តរជាតិកោះរកាវិញ បានអោយដឹងផងដែរថា នៅល្ងាចថ្ងៃទី១៤ មិថុនានេះមានផ្ទះបែត្រីជនជាតិវៀតណាមមួយក្រុម ដែលមានទូកតូចៗចំនួន២៤ទូក និងមនុស្សក្មេងចាស់ប្រុសស្រីចំនួន៦៤នាក់ ស្មើនិង១៥គ្រួសារ បានចូលទៅដល់ក្បែព្រំដែន ហើយបានចតទូកនៅទីនោះមិនព្រមចាកចេញទេ ។

ប្រភពដដែលនេះបានបន្តទៀតថា សមត្ថកិច្ចព្រំដែនច្រកកោះរកា បានព្យាយាមចូលទៅសួរនាំ និងលួងលោមអោយជនជាតិវៀតណាមទាំងនោះបកត្រឡប់ក្រោយទៅចតរង់ចាំជាមួយក្រុមផ្ទះបែត្រីដទៃទៀតនៅចំណុចឃុំខ្ពបអាទាវ

ក្នុងស្រុកលើកដែក ដើម្បីងាយស្រួលចាត់ចែងគ្រប់គ្រង ប៉ុន្តែពួកគេបានប្រកែកដោយអះអាងទាមទារឆ្លងព្រំដែនចូលទៅប្រទេសវៀតណាមអោយខាងតែបាន ហើយបើមិនព្រមអោយពួកគេចូលទៅទេនោះ ពួកគេសុខចិត្តស្លាប់នៅព្រំដែននេះទាំងអស់គ្នា គឺមិនព្រមបកត្រឡប់ក្រោយឡើយ ។

ប្រភពពីមាត់ច្រកទ្វាព្រំដែនអន្តរជាតិកោះរកានោះបានបញ្ជាក់ថា ដោយសារតែភាគីខាងវៀតណាមបិទព្រំដែនមិនព្រមទទួលយកជនជាតិខ្លួន ចំណែកក្រុមបែត្រីជនជាតិវៀតណាមទាំង៦៤នាក់នេះ

អះអាងដាច់ខាតត្រូវតែចូលប្រទេសវិញ ពេលនេះភាគខាងខ្មែរបានប្រគល់សិទ្ធិអោយខាងសមាគមវៀតណាម នៅស្រុកពាមជរ ធ្វើការចរចារសម្របសម្រួលជាមួយភាគីប្រទេសវៀតណាម ដើម្បីរកដំណោះស្រាយ ។

ចំណែកជនជាតិវៀតណាមផ្សេងទៀត ដែលកំពុងចតបែត្រីនៅក្នុងឃុំខ្ពបអាទាវ គឺទុកអោយស្ថានទូតវៀតណាមជាអ្នកដោះស្រាយ ៕

ដកស្រង់ពី៖ កោះសន្តិភាព