Social Network

ប្រធានាធិបតីចិន ចាកចេញទៅកាន់ហ្វាំងឡង់ហើយ មុននឹងបន្តដំណើរទៅជួបលោក ដូណាល់ ត្រាំ នៅទឹកដីអាមេរិក!

 (ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានចាកចេញពីទីក្រុងប៉េកាំងហើយ ដើម្បីបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វាំងឡង់ មុននឹងលោកត្រូវបន្តទៅជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯរមណីយដ្ឋាន Ma-a-Lago ក្នុងរដ្ឋផ្លូរីដា នៃសហរដ្ឋអាមេរិក។

នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។ យោងតាមក្រសួងការបរទេសចិន តបតាមការអញ្ជើញរបស់ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto និងលោក ដូណាល់ ត្រាំ លោក ស៊ី នឹងចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប្រទេសហ្វាំងឡង់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមេសា ហើយលោកនឹងត្រូវជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៦ដល់ថ្ងៃទី០៧ ខែមេសា នៅរមណីយដ្ឋាន Ma-a-Lago ក្នុងរដ្ឋផ្លូរីដា ភាគអាគ្នេយ៍អាមេរិក។

គួរបញ្ជាក់ថាលោក ស៊ី ជិនពីង និងភរិយាគឺលោកស្រី Peng Liyuan រួមទំាងមន្ត្រីអ្នកមុខអ្នកការចិនជាច្រើននាក់ បានចាកចេញពីទីក្រុងប៉េកាំងនៅថ្ងៃអង្គារ នេះ ហើយអ្វីដែលគេគ្រប់គ្នាកំពុងទន្ទឹមរង់ចាំមើលនោះគឺ ជំនួបរវាងលោក ស៊ី និងលោក ត្រាំ ខណៈគេរំពឹងថាប្រធានបទសំខាន់ដែលអ្នកទំាងពីរត្រូវជជែកគ្នា មានដូចជាទំនាក់ទំនងពាណិជ្ជកម្ម សំណុំរឿងកូរ៉េខាងជើង និងមហិច្ឆតារបស់ចិននៅតំបន់សមុទ្រចិនខាងត្បូងជាដើម៕

ដកស្រង់ពី៖ Fresh News