Social Network

ពេលនេះរុស្ស៊ី «កំពុងធ្វើសមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​គ្រីមៀ បន្ទាប់ពីអ៊ឺរ៉ុប​អះអាង​ដដែលៗថា ជាតំបន់​របស់​អ៊ុយក្រែន!»

(ម៉ូស្គូ)៖ បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុប បានទាមទារជាដដែលៗ ឲ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូប្រគល់តំបន់គ្រីមៀ ដល់អ៊ុយក្រែនវិញនោះ នាពេលថ្មីៗនេះរុស្ស៊ីក៏បានសម្រេចចិត្ត ចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅឯឧបទ្វីបក្នុងសមុទ្រខ្មៅនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។ យោងតាមសម្តីមេបញ្ជាការកងទ័ពឆ័ទ្រយោងលោក Andrey Serdyukov ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន សមយុទ្ធយោធាខាងលើនេះមានការចូលរួម ពីសំណាក់កងកម្លាំងយោធាលោតឆ័ត្រយោងចំនួនជាង ២,៥០០នាក់ រួមនិងបរិក្ខាយោធាប្រមាណ ៦០០គ្រឿង មកពីកងអង្គភាពប្រចាំដែនសមុទ្រខ្មៅ និងកងទ័ពជើងអាកាសរុស្ស៊ី។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនទីក្រុងម៉ូស្គូ បានប្រារព្ធពិធីអបអរខួបគំរប់បីឆ្នាំ នៃការបោះឆ្នោតប្រជាមតិនៅក្នុងតំបន់គ្រីមៀ ដែលបាននាំឲ្យឈានដល់ការរួមបញ្ចូលគ្នា នៃឧបទ្វីបក្នុងសមុទ្រខ្មៅមួយនេះ ទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី។ ប៉ុន្តែទីក្រុងកៀវ និង ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាសម្ព័ន្ធមិត្តរបស់ពួកគេ បានទទូចថាតំបន់គ្រីមៀនៅតែជាផ្នែកមួយ របស់អ៊ុយក្រែនដដែល ហើយវាត្រូវបានរុស្ស៊ីដណ្តើមលួចយកទៅដោយខុសច្បាប់ទាំងស្រុង៕

ដកស្រង់ពី៖ Fresh News