Social Network

បំរាមថ្មី! អាមេរិក «ហាមមិនឲ្យទុក Latop និង Tablet នៅជាប់ខ្លួនអ្នកដំណើរ លើយន្តហោះ​​មកពីមជ្ឈិមបូព៌ា និងអាហ្រ្វិក​ខាងជើង ដោយមិនបញ្ជាក់​​មូលហេតុ!»

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានដាក់ចេញនូវបំរាម ហាមឃាត់មិនឲ្យអ្នកដំណើរ ទុកឧបករណ៍អេឡិចត្រូនិករួមមាន Laptop និង Tablet ជាដើមនៅក្នុងកាបូបតាមខ្លួនរបស់ពួកគេនោះឡើយ នៅអំឡុងជើងហោះហើរមួយចំនួន ដែលមកពីប្រទេសចំនួននៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសអាមេរិក។ បទបញ្ជាថ្មីនេះត្រូវបានគេរំពឹងថានឹងធ្វើសេចក្តីប្រកាសជាផ្លូវការ និងចូលជាធរមាននៅថ្ងៃអង្គារសប្តាហ៍ (ពេលវេលានៅសហរដ្ឋអាមេរិក) នឹងដាក់កំហិតទៅលើជើងហោះហើរ ពីអាកាសយានដ្ឋានអន្តរជាតិចំនួន ១០កន្លែង នៅក្នុងទីក្រុងគែរនៃប្រទេសអេហ្ស៊ីប, ទីក្រុង Amman នៃប្រទេសហ្ស៊កដានី, ទីក្រុងគុយវ៉ែតនៃប្រទេសគុយវ៉ែត, ទីក្រុងកាស្កាប្លាន់កានៃប្រទេសម៉ូរ៉ូកូ, ទីក្រុងដូហានៃប្រទេសកាតា, ទីក្រុង Jeddah នៃព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត, ទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី, ទីក្រុងអាបូដាប៊ី និងទីក្រុងឌូបៃនៃប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។នេះបើតាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន Associated Press (AP) ដែលបានដកស្រង់សម្តីពីមន្រ្តីរដ្ឋាភិបាលអាមេរិក។

គួរបញ្ជាក់ថា អ្នកដំណើរនឹងត្រូវហាមឃាត់មិនឲ្យទុក Laptop, Tablet, កាម៉េរ៉ា, និងឧបករណ៍អេឡិចត្រូនិចធំៗផ្សេងៗទៀត នៅក្នុងកាបូបដាក់តាមខ្លួនរបស់ពួកគេឡើយ ដោយមានតែទូរស័ព្ទមួយគត់ និងឧបករណ៍វេជ្ជសាស្រ្តដែលទទួលបានការអនុញ្ញាតត្រឹមត្រូវមួយចំនួនទៀត នឹងត្រូវលើកលែងនៅក្នុងបំរាមនេះ។ ម៉្យាងវិញទៀតការដាក់បំរាមនេះនឹងដាក់កម្រិតទៅលើ តែក្រុមហ៊ុនអាកាសចរណ៍បរទេសប៉ុណ្ណោះ ដោយគ្មានអាកាសចរណ៍អាមេរិកណា នឹងទទួលរងផលប៉ះពាល់នោះទេ។ យ៉ាងណាមិញមូលហេតុសម្រាប់បទបញ្ជាហាមឃាត់ នៅពុំទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕

ដកស្រង់ពី៖ Fresh News