Social Network

ដល់វេនកូរ៉េខាងជើង! «ទីក្រុងព្យុងយ៉ាងថ្កោលទោស សង្រ្គាមប្រឆាំងភេរវកម្មរបស់អាមេរិក ថាជាគ្រាន់តែលេសឈ្លានពានគេប៉ុណ្ណោះ!»

 (ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានចេញមុខថ្កោលទោស សង្រ្គាមប្រយុទ្ធប្រឆាំងអំពើភេរវកម្ម របស់សហរដ្ឋអាមេរិកថា គ្រាន់តែជាលេសដោះសារ ដើម្បីចូលទៅជ្រៀតជ្រែក ក៏ដូចជាឈ្លានពានដែនអធិបតេយ្យភាព របស់ប្រទេសដទៃៗទៀតប៉ុណ្ណោះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងថា «សង្រ្គាមប្រយុទ្ធប្រឆាំងភេរវកម្មរបស់អាមេរិក គឺជាការគាំទ្រអំពើភេរវកម្មទៅវិញទេ និងជាសង្រ្គាមបែបជំនាន់ថ្មីមួយ នៃការឈ្លានពានប្រឆាំងនឹងប្រទេសទាំងឡាយណា ដែលជំទាស់ជាមួយសហរដ្ឋអាមេរិក ដោយសារតែបានដឹងច្បាស់អំពីមហិច្ឆតារបស់ពួកចក្រព័ទ្ធនេះ ក្នុងការគ្រប់គ្រងពិភពលោក»។

KCNA បានបន្ថែមថា «សហរដ្ឋអាមេរិកបានរំលោភបំពានដោយចេតនា ទៅលើដែនអធិបតេយ្យភាព ព្រមទាំងបូរណភាពទឹកដីនៃប្រទេសផ្សេងៗទាំងពួង ស្របពេលដែលខ្លូនបាន និងកំពុងពង្រីកសង្គ្រាម ប្រឆាំងអំពើភេរវកម្មនៅទូទាំងសកលលោក»។

ជាចុងក្រោយប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបន្តថា «យុទ្ធសាស្រ្ត និងវត្ថុបំណងនៃសង្រ្គាមប្រឆាំង អំពើភេរវកម្មរបស់អាមេរិក គឺដើម្បីបង្វឹកក្រុមភេរវករ និងបន្សាយអំពើភេរវកម្មនៅគ្រប់ទិសទី ហើយប្រើប្រាស់យោធាដើម្បីចូលលូកដៃ ក្នុងដែនអធិបតេយ្យភាពនៃប្រទេសដទៃ នៅក្រោមស្លាកសញ្ញាថាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម»៕

ដកស្រង់ពី៖ Fresh News