Social Network

អតីតមន្ត្រីទូតភៀសខ្លួន៖ «ទណ្ឌកម្ម​ដែលចិន​បានដាក់ចេញនោះ គឺមិនស្កៀប​កូរ៉េខាងជើង​នោះឡើយ!»

(សេអ៊ូល)៖ អតីតអគ្គរដ្ឋទូតរង របស់ប្រទេសកូរ៉េខាងជើង ដែលបានមកសុំជ្រកកោណ នៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៦ លោក Thae Yong-ho បានលើកឡើងថា ការផ្អាកនាំចូលរ៉ែធ្យូងថ្ម របស់កូរ៉េខាងជើង ពីសំណាក់ប្រទេសចិននោះ គឺមិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរអ្វីដល់ កូរ៉េខាងជើងនោះឡើយ ប៉ុន្តែវាបានក្លាយជាការរារាំងមិនឲ្យ កិច្ចពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង កើតមានឡើងទៅវិញ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។ កាលពីខែកុម្ភៈ ប្រទេសចិនបានសម្រេចចិត្ត អនុវត្តន៍ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ជាលើកដំបូង ដោយក្នុងនោះចិនបានអះអាងថា ខ្លួនធ្វើតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដោយផ្អាកការនាំចូលរ៉ែធ្យូងថ្ម ពីកូរ៉េខាងជើង ដើម្បីប្រឆាំងទៅនឹងការធ្វើតេស្តមីស៊ីល និង គ្រាប់បែកនុយក្លេអ៊ែរ។

ការសម្រេចចិត្តរបស់ចិននេះ នឹងត្រូវផុតកំណត់រហូតដល់ដំណាច់ឆ្នាំ២០១៧នេះ។ ជុំវិញបញ្ហានេះដែរលោក Thae Yong-ho បានលើកឡើងយ៉ាងដូច្នេះថា «ការផ្អាកការនាំចូលជាបណ្តោះអាសន្នរបស់ចិននោះ មិនមែនជាដំណោះស្រាយអ្វីនាំឲ្យស្កៀបកូរ៉េខាងជើងនោះឡើយ។ ជាងនេះទៅទៀតវាគឺជាការប្រាប់ទីក្រុងព្យុងយ៉ាងឲ្យច្បាស់អំពីអ្វីដែលខ្លួនត្រូវធ្វើ ដើម្បីផលប្រយោជន៍នៃនយោបាយការទូតថ្នាក់តំបន់របស់ប្រទេសចិនទៅវិញទេ។» មន្ត្រីទូតជំនាញរូបនេះបានបន្ថែមថា ប្រទេសចិនហាក់កំពុងតែអូសទាញកូរ៉េខាងជើងមកវិញ ដើម្បីកុំឲ្យមានឱកាសក្នុងការបង្កើតពិភាក្សាជាមួយអាមេរិក ដូចដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីធ្លាប់លើកឡើងថា ចង់មានកិច្ចពិភាក្សាដោះស្រាយបញ្ហាតទល់មុខគ្នា ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កន្លងមកនោះ៕

ដកស្រង់ពី៖ Fresh News