Social Network

មនុស្សជាង៣០នាក់ស្លាប់ និងជាង៥០នាក់របួស ក្នុងករណីបំផ្ទុះគ្រាប់បែក​ដ៏កក្រើក និង​បាញ់ប្រហារក្នុងមន្ទីរ​ពេទ្យយោធាក្បែរស្ថាន​ទូតអាមេរិក

(កាប៊ុល)៖ ខ្មាន់កាំភ្លើងមួយចំនួន ដោយរួមបញ្ចូលទាំងម្នាក់ ស្លៀកពាក់ជាវេជ្ជបណ្ឌិត ដែលអះអាងថា ជាក្រុម ISIS បានបើកការវាយប្រហារទៅលើ មន្ទីរពេទ្យយោធាមួយកន្លែង ដែលស្ថិតនៅក្នុងតំបន់ ក្បែរស្ថានទូតអាមេរិក ប្រចាំនៅរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃពុធនេះ និងបានបាញ់ប្រហារគ្នា ជាមួយកងកម្លាំងសន្តិសុខ ដែលស្ថិតនៅក្នុងអគារមន្ទីរពេទ្យនោះ បានបណ្តាលឲ្យមនុស្សជាង៣០នាក់ស្លាប់ និង ជាង៥០នាក់រងរបួស។

នេះបើតាមការអះអាងរបស់ សាក្សីជាច្រើនរូប ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន BBC Update នៅព្រលប់ថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។ សាក្សីបាននិយាយថា រូបលោកបានឃើញខ្មាន់កាំភ្លើងម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់ពណ៌សរបស់គ្រូពេទ្យ បានដកកាំភ្លើងរះ AK-47 រួចហើយបើកការបាញ់ប្រហារយ៉ាងសាហាវ ដែលបានបណ្តាលឲ្យអ្នកជំងឺម្នាក់ និងបុគ្គលិកមន្ទីរពេទ្យម្នាក់បាត់បង់ជីវិត ប៉ុន្តែសាក្សីដដែលនេះបានបញ្ជាក់ដូច្នេះថា រូបលោកក៏បានលឺសូរសំឡេងគ្រាប់កាំភ្លើង បាញ់ចេញពីជ្រុងមួយចំនួនផ្សេងទៀតផងដែរ។

ជាមួយគ្នានេះដែរ យោងតាមសម្តីរបស់មន្រ្តីការពារសន្តិសុខម្នាក់ ការវាយប្រហារខាងលើបានចាប់ផ្តើម ជាមួយការផ្ទុះដ៏ខ្លាំងក្លាមួយនៅផ្នែកខាងក្រោយនៃមន្ទីរពេទ្យ Sardar Mohammad Daud Khan និងខ្មាន់កាំភ្លើងពីបីទៅប្រាំនាក់ ជាមួយកាំភ្លើងស្វ័យប្រវត្តិ និងគ្រាប់បែក បានចូលទៅក្នុងបរិវេណនៃមន្ទីរពេទ្យ។ គួរបញ្ជាក់ថា មន្ទីរពេទ្យរងការវាយប្រហារនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីស្ថានទូតអាមេរិក ដែលមានការពារយ៉ាងរឹងមាំបំផុតនោះឡើយ៕

ដកស្រង់ពី៖ Fresh News