Social Network

រដ្ឋមន្រ្តីការបរទេសចិន៖ «គួរឈប់លេងល្បែងយក​ឈ្នះចាញ់, ចិន-អាមេរិក-រុស្ស៊ី ត្រូវព្យាយាម​ស្វែងរក​ទំនាក់ទំនងឈ្នះ-ឈ្នះជាមួយគ្នា!»

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃពុធនេះបានថ្លែងថា ប្រទេសចិន សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសរុស្ស៊ី គួរតែធ្វើការសហការគ្នាទៅវិញទៅមក ហើយព្យាយាមសម្រេចឲ្យបាននូវសមិទ្ធផលឈ្នះ-ឈ្នះរវាងគ្នានិងគ្នា។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅអំឡុងកិច្ចប្រជុំក្រៅផ្លូវការ នៃសម័យប្រជុំសភាជាតិនៅទីក្រុងប៉េកាំង រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានលើកឡើងថា នៅក្នុងសម័យកាលថ្មីនេះទំនាក់ទំនងចិន-អាមេរិក-រុស្ស៊ី គួរតែមិនមែនជាល្បែងយកឈ្នះចាញ់នឹងគ្នានោះទេ ហើយប្រទេសទាំងបី គួរតែចូលរួមធ្វើការជាមួយគ្នា ជាជាងប្រឆាំងគ្នា និងព្យាយាមស្វែងរកសមិទ្ធផល ដែលផ្តល់ប្រយោជន៍ឲ្យភាគីទាំងបី ដោយគ្មានអ្នកចាញ់ ឬមួយក៏ខាតបង់ឡើយ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិកហាក់បានប្រសើរឡើងវិញបន្តិច បន្ទាប់ពីអាមេរិក ព្រមទទួលស្គាល់នយោបាយចិនតែមួយ ប៉ុន្តែវាក៏បានលេចឡើងនូវបញ្ហាថ្មីៗបន្ថែមទៀតដែរ នោះគឺការបង្កើនឥទ្ធិពលរបស់អាមេរិក នៅសមុទ្រចិនខាងត្បូង និងខាងកើតព្រមទាំងស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េ ដែលហែកចិន និងអាមេរិកចេញពីគ្នាដោយសារតែការគាំទ្រសម្ព័ន្ធមិត្តរៀងៗខ្លួន។

ដោយឡែកទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីហាក់បន្តស្រពិចស្រពិលនៅឡើយ ព្រោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងរង់ចាំមើលការប្តេជ្ញា របស់រុស្ស៊ីក្នុងការកម្ចាត់ក្រុមភេរវករ ជាថ្នូរនឹងការដកទណ្ឌកម្មពីរុស្ស៊ី៕

ដកស្រង់ពី៖ Fresh News