Social Network

«បរិក្ខានៃ​ប្រព័ន្ធ​ការពារ​​មីស៊ីល THAAD មកដល់​កូរ៉េ​ខាង​ត្បូង​​ហើយ» និងកំពុង​​ត្រៀម​រៀបចំ​​ដាក់​ពង្រាយ​ជាបន្ទាន់!

(សេអ៊ូល)៖ អ្វីៗបានដើរលឿនជាងគំរោងហើយ ដោយពេលនេះ ឧបករណ៍រួមផ្សំមួយចំនួន (Battery) នៃប្រព័ន្ធការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD បានមកដល់ប្រទេសកូរ៉េខាងត្បូង តបតាមការអំពាវនាវ របស់ប្រធានាធិបតីស្តីទី កូរ៉េខាងត្បូង និងប្រមុខការពារជាតិអាមេរិក ដែលប្តេជ្ញាការពារសន្តិសុខទីក្រុងសេអ៊ូល ចំពោះមុខការបង្កហេតុដោយការបាញ់មីស៊ីល ០៤គ្រាប់ របស់កូរ៉េខាងជើងកាលពីថ្ងៃចន្ទ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។ ក្រោយពីការបាញ់មីស៊ីលសាកល្បង ០៤គ្រាប់នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលគ្រប់គ្នាមើលឃើញថា ជាការឆ្លើយតបរបស់ទីក្រុងព្យុងយ៉ាង ទៅនឹងសមយុទ្ធយោធាដ៏ធំ ប្រចាំឆ្នាំរវាងអាមេរិក-កូរ៉េខាងត្បូងនោះ ទីក្រុងវ៉ាស៊ីនតោន និង សេអ៊ូលបានធ្វើថ្កោលទោសយ៉ាងខ្លាំង ព្រមទាំងបានសម្រេចភ្លាមៗឲ្យមានការបញ្ជូន ឧបករណ៍ពាក់ព័ន្ធនានានៃការតម្លើងប្រព័ន្ធការពារមីស៊ីល THAAD ដែលគ្រោងនឹងដាក់ពង្រាយ នៅចុងឆ្នាំ២០១៧នេះ មកកាន់កូរ៉េខាងត្បូង ដែលវាអាចនឹងត្រូវបំពាក់កំណត់ហើយ។

ប្រទេសកូរ៉េខាងជើងនាដើមឆ្នាំ២០១៧នេះ ហាក់លេចឡើងនូវបញ្ហាធំៗជាច្រើន ជាពិសេសការធ្វើតេស្តគ្រាប់មីស៊ីល ដែលទទួលរងទណ្ឌកម្មយ៉ាងច្រើនពីអន្តរជាតិ ក្នុងនោះមានទាំងចិនដែលជាប្រទេសសម្ព័ន្ធមិត្ត ជិតស្និទ្ធបំផុតតែមួយគត់របស់ខ្លួនផងដែរ។ បន្ថែមពីនេះទៀតបញ្ហាធ្វើឃាតលោក គីម ជុងណាំ បងប្រុសលោក គីម ជុងអ៊ុន ក៏បាននិងកំពុងធ្វើឲ្យទំនាក់ទំនងការទូត ជាមួយប្រទេសម៉ាឡេស៊ីឈានទៅរកទីបញ្ចប់។ ដោយឡែកជុំវិញការគ្រោងដាក់ពង្រាយ THAAD មុនកំណត់នេះ បានទទួលប្រតិកម្មនិងការព្រមានរួចទៅហើយពីសំណាក់ប្រទេសចិន៕

ដកស្រង់ពី៖ Fresh News