Social Network

មិនធម្មតា! កូរ៉េខាងជើងអះអាងថា «ការ​បាញ់​មីស៊ីល​០៤គ្រាប់​នោះ គឺជាការ​ត្រៀម​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​​អាមេរិក​នៅ​ជប៉ុន!»

(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានអះអាងថា លោក គីម ជុងអ៊ុន គឺជាអ្នកបញ្ជាដោយផ្ទាល់ ការបាញ់សាកល្បងមីស៊ីលផ្លោង ចំនួន០៤គ្រាប់កាលពីថ្ងៃចន្ទ ដែលវាជាផ្នែកមួយនៃការធ្វើសមយុទ្ធ បាញ់គ្រាប់មីស៊ីល ទុកសម្រាប់វាយប្រហារ នៅក្នុងករណីចាំបាច់ទៅលើមូលដ្ឋានកងទ័ពអាមេរិក នៅក្នុងប្រទេសជប៉ុនតែម្តង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA ក៏បានឱ្យដឹងដែរថា ការបាញ់សាកល្បងមីស៊ីលផ្លោង ត្រូវបានធ្វើឡើងដោយ កងអង្គភាពកាំភ្លើងធំ Hwasong នៃកងកម្លាំងយុទ្ធសាស្ត្រកូរ៉េខាងជើង ដែលទទួលបន្ទុកវាយប្រហារ លើមូលដ្ឋានទ័ពរបស់សត្រូវឈ្លានពាន នោះគឺចក្រពត្តិអាមេរិក នៅក្នុងប្រទេសជប៉ុន។ ជាងនេះទៅទៀត ការធ្វើសមយុទ្ធនេះ ក៏មានគោលបំណងបញ្ជាក់ផងដែរ ពីសមត្ថភាពធ្វើសង្រ្គាមនុយក្លេអ៊ែរ និងការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅលើមីស៊ីលផ្លោងទាំងនេះ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង ចំនួនបួនគ្រាប់ ដែលគេជឿជាក់ថា ហោះបានចំងាយ១,០០០គីឡូ ម៉ែត្រហើយក្នុងចំណោមមីស៊ីលទំាងនេះមានបីគ្រាប់ធ្លាក់ចូល ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន នៅឯតំបន់សមុទ្រខាងកើត។ តែយ៉ាងណាក្តីប្រភេទមីស៊ីល មិនទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈកងទ័ពកូរ៉េខាងត្បូងវាយតម្លៃថា មីស៊ីលផ្លោងទំាងបួនគ្រាប់នេះអាចត្រូវបានអភិវឌ្ឍន៍ចេញ ចេញពីប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក SLBM៕

ដកស្រង់ពី៖ Fresh News