Social Network

បេក្ខភាពប្រធានាធិបតីបារាំង លោក Francois Fillon ត្រូវកោះហៅដោយអង្គចៅក្រមស៊ើបអង្កេត

(ប៉ារីស)៖ បេក្ខភាពឈរឈ្មោះជាប្រធានាធិបតី បារាំងលោក Francois Fillon ត្រូវបានកោះហៅដោយអង្គចៅក្រម ដែលកំពុងធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់ដែលថា រូបលោកបានផ្តល់ប្រាក់បៀវត្សរ៍ ទៅឲ្យសមាជិកគ្រួសារ ដែលពុំមានការងារពិតប្រាកដ នៅក្នុងសភាឡើយនោះ។

នេះបើតាមសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានដកស្រង់ចេញពី សេចក្តីរាយការណ៍របស់ សារព័ត៌មានបារាំង។ ជុំវិញបញ្ហានេះលោក Francois Fillon ធ្លាប់បានធ្វើការច្រានចោលការចោទ ខាងលើជាច្រើនលើកច្រើនសាមកហើយ និងបានបញ្ជាក់ថា ភរិយារបស់លោកគឺលោកស្រី Penelope Fillon បានទទួលប្រាក់បៀវត្សរ៍រាប់ម៉ឺនយូរ៉ូ សម្រាប់ការងារត្រឹមត្រូវ និងពិតប្រាកដក្នុងនាមជាជំនួយការរបស់លោកផ្ទាល់ នៅឯសភាជាតិបារាំង ទោះបីជាលោក Fillon បានទទួលស្គាល់ថា ការផ្តល់ការងារនេះទៅឲ្យភរិយាគឺជាការសម្រេចចិត្ត ខុសមួយយ៉ាងណាក្តី។

ការចោទប្រកាន់ក៏ដូចជារឿងអាស្រូវនេះ ដែលបានផ្ទុះឡើងកាលពីខែមករា កន្លងទៅមកម៉្លេះនោះ បានរុញច្រានយុទ្ធនាការឃោសនា រកសំឡេងឆ្នោតរបស់លោក Francois Fillon ធ្លាក់ទៅក្នុងវិបត្តិយ៉ាងជ្រៅរហូតនាំឲ្យ រូបលោកបាត់បង់តំណែងជាបេក្ខភាព ប្រធានាធិបតី ដែលមានប្រជាប្រិយភាពជាងគេថែមទៀតផង។

គួរបញ្ជាក់ដែរថា ក្រៅពីលោក Francois Fillon បេក្ខភាពប្រធានាធិបតីបារាំងដទៃៗទៀតផងដែរ ដែលកំពុងប្រឈមជាមួយនឹងបញ្ហារឿងអាស្រូវរួមមានលោកស្រី Marine Le Pen ដែលមានសមាជិកនៃគណបក្ស រណសិរ្សជាតិពាក់ព័ន្ធនឹងរឿងកិបកេងលុយថែមទៀតផង ខណៈប្រធានាធិបតី បារាំងបច្ចុប្បន្នលោក Francois Hollande ក៏មានបំណងចង់ឈរឈ្មោះមួយអាណត្តិទៀតផងដែរ ប៉ុន្តែលោកបានដឹងមុនថានឹងមិនអាចទទួលជោគជ័យនោះឡើយ៕

ដកស្រង់ពី៖ Fresh News