Social Network

មានព័ត៌មានបង្ហើបថា លោក ដូណាល់ ត្រាំ នឹង​ដកអ៊ីរ៉ាក់​​ចេញពី​បញ្ជី​នៃក្រុម​ប្រទេស ដែលត្រូវ​​ហាមមិន​​ឱ្យជាន់​ដី​អាមេរិក!

(វ៉ាស៊ីនតោន)៖ បទបញ្ជាថ្មី នៃប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ដីពីជនអន្តោប្រវេសន៍ អាចនឹងដកប្រទេសអ៊ីរ៉ាក់ ចេញពីបញ្ជីឈ្មោះ នៃបណ្ដាប្រទេសម៉ូស្លីមភាគច្រើន ដែលប្រជាជនរបស់ពួកគេ ត្រូវបានហាមឃាត់ជាបណ្ដោះអាសន្ន មិនឱ្យចូលសហរដ្ឋអាមេរិក។

នេះបើតាមសេចក្ដីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន AP ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។ យោងតាម AP ក្រុមមន្ត្រីអាមេរិក០៤នាក់ បានឱ្យដឹងនៅក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា ការសម្រេចចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីមានការដាក់សម្ពាធ ពីសំណាក់មន្ទីរបញ្ចកោណ និង ក្រសួងការបរទេស ដែលជំរុញឱ្យសេតវិមាន ពិចារណាឡើងវិញចំពោះការបញ្ចូលអ៊ីរ៉ាក់ ទៅក្នុងបញ្ជីឈ្មោះនៃបណ្ដាប្រទេស ម៉ូស្លីមជាប់បម្រាមចំនួន០៧ ត្បិតទីក្រុងបាកដាដ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុម ISIS។ គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើបទបញ្ជាថ្មី ស្ដីពីជនអន្តោប្រវេសន៍នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) ខណៈបទបញ្ជាចាស់ត្រូវបានរាំងខ្ទប់ដោយតុលាការសហព័ន្ធអាមេរិក៕

ដកស្រង់ពី៖ Fresh News