Social Network

ប្រទេសរុស្ស៊ី និងចិនរួមដៃគ្នា «ប្រើសិទ្ធិជំទាស់លើដំណោះស្រាយ UN ក្នុងការ​ដាក់​ទណ្ឌកម្ម​​ប្រឆាំងស៊ីរី!»

(ញូយ៉ក)៖ ប្រទេសរុស្ស៊ី និងចិនបានប្រើសិទ្ធិជំទាស់ ឬវ៉េតូលើដំណោះស្រាយយូអិន គាំទ្រដោយមហាអំណាចលោកខាងលិច ស្ដីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងស៊ីរី សម្រាប់ការប្រើប្រាស់អាវុធគីមី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។ វិធានការណ៍ទណ្ឌកម្មខាងលើ រៀបរៀងឡើងដោយ អង់គ្លេស បារាំង និងសហរដ្ឋអាមេរិក បានទទួលការគាំទ្រ ០៩សំឡេងនៅក្នុងការបោះឆ្នោត នៅក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃអង្គារ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ខណៈចិន រុស្ស៊ី និង បូលីវីបានជំទាស់ ឬវ៉េតូ រីឯកាហ្សាក់ស្ថាន អេត្យូពី និងអេហ្ស៊ីប បានបោះឆ្នោតអនុប្បវាទ។

ដោយឡែកជុំវិញការជំទាស់នេះដែរ អគ្គរដ្ឋទូតអាមេរិកប្រចំាយូអិន លោកស្រី Nikki Haley បានសម្ដែងការសោកស្ដាយ ដោយលើកឡើងថា «ដំណោះស្រាយដាក់ទណ្ឌកម្មនេះ ពិតជាសមរម្យជាទីបំផុត។ ប៉ុន្តែថ្ងៃនេះជាពេលវេលាដ៏សោកសៅ នៅក្រុមប្រឹក្សាសន្តិសុខ នៅពេលសមាជិកមួយចំនួន ចាប់ផ្ដើមរកលេសសម្រាប់រដ្ឋជាសមាជិកដទៃ សម្លាប់ប្រជាជនរបស់ខ្លួនឯង ដែលនេះអាចបញ្ជាក់ថា ពិភពលោកកាន់តែមានគ្រោះថ្នាក់»។

គួរបញ្ជាក់ថា ផ្អែកលើដំណោះស្រាយរបស់ អង់គ្លេស បារំាង និង សហរដ្ឋអាមេរិក មេបញ្ជាការយោធាស៊ីរី១១រូប និង អង្គភាពចំនួន១០ មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគីមី នៅចន្លោះឆ្នាំ២០១៤ និង២០១៥ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅ នៃទណ្ឌកម្មយូអិន។ ប៉ុន្តែចិនជាពិសេសគឺរុស្ស៊ីតែម្តង បានប្រើសិទ្ធិវ៉េតូជាលើកទី០៧ ដើម្បីការពាររបបដឹកនាំស៊ីរីបច្ចុប្បន្នរបស់លោក បាស្សា អាល់ អាស្សាដ។

ម្យ៉ាងវិញទៀត មុននឹងមានការបោះឆ្នោត ប្រធានាធិបតីរុស្ស៊ីក៏បាននិយាយទុកជាមុនដែរថា ទីក្រុងម៉ូស្គូនឹងជំទាស់នឹងការដាក់ទណ្ឌកម្មប្រឆាំងស៊ីរី ត្បិតវានឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចចរចាសន្តិភាពក្នុងទីក្រុងហ្សឺណែវ៕

ដកស្រង់ពី៖ Fresh News