Social Network

ប្រធានាធិបតីម៉ិចស៊ីកូ​ «ប្រាប់ឱ្យអគ្គរដ្ឋ​ទូត​ថ្មី ព្យាយាមស្ដារ​​ទំនាក់ទំនង​​ល្អឡើង​វិញ ជាមួយ​អាមេរិក!»

(ម៉ិចស៊ីកូ)៖ ប្រធានាធិបតីម៉ិចស៊ីកូ លោក អែនរីក ផេណា នាតូ (Enrique Pena Nieto) បានប្រាប់ឱ្យអគ្គរដ្ឋទូតថ្មី ប្រចាំសហរដ្ឋអាមេរិក លោក ហ្គេរ៉ូនីម៉ូ ហ្គូទ្យែរ៉េស ហ្វែណាន់ដែស (Geronimo Gutierrez Fernandez) ប្រើប្រាស់សមត្ថភាព និងលទ្ធភាពរបស់ខ្លួនស្ដារ និង បង្កើតទំនាក់ទំនងថ្មី ជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។ យោងតាមសេក្ដីថ្លែងការណ៍ចេញផ្សាយដោយ ខុទ្ទកាល័យប្រធានាធិបតី នៅក្នុងជំនួបជាមួយ លោក ផេណា នាតូ លោក ហ្វែណាន់ដែស បានផ្ដោតសំខាន់លើផលប្រយោជន៍ និងការគោរពសិទ្ធិប្រជាជនម៉ិចស៊ីកូ នៅក្នុងសហរដ្ឋអាមេរិក ដែលកំពុងប្រឈមមុខនឹងការបណ្ដេញចេញ មកកាន់ម៉ិចស៊ីកូវិញ អនុឡោមតាម បទបញ្ជាថ្មីរបស់លោក ដូណាល់ ត្រាំស្ដីពីជនអន្តោប្រវេសន៍ខុសច្បាប់។

ការតែងតំាងលោក ហ្វែណាន់ដែស ជាអគ្គរដ្ឋទូតថ្មីប្រចាំទីក្រុងវ៉ាស៊ីនតោន ធ្វើឡើង នៅចំពេលដែលសហរដ្ឋអាមេរិក និង ម៉ិចស៊ីកូកំពុងមានភាពតានតឹងផ្នែកការទូត ដោយសារតែរឿង លោក ត្រាំ ឱ្យរដ្ឋាភិបាលម៉ិចស៊ីកូចេញលុយសាងសង់ជញ្ជាំង នៅតាមតំបន់មួយចំនួន នៃបណ្ដាយព្រំដែនរវាងប្រទេសទំាងពីរ តាមរយៈការអនុវត្តន៍ពន្ធ២០ភាគរយ លើការនាំចូលរបស់ម៉ិចស៊ីកូ។ គួរបញ្ជាក់ថាលោក ហ្វែណាន់ដែស ធ្លាប់កាន់តំណែងជា អនុរដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦៕

 ដកស្រង់ពី៖ Fresh News