Social Network

លោក ដូណាល់ ត្រាំ «ថ្លែងសុន្ទរកថា​ជាលើកដំបូង​ចំពោះមុខសភាជាតិ» ដោយផ្តោតសំខាន់​លើបញ្ហាអន្តោប្រវេសន៍!

(វ៉ាស៊ីនតោន)៖ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានថ្លែងកោតសរសើរនិងស្ញប់ស្ញែងចំពោះមោទនភាពជាតិថ្មីដែលកំពុងផុសចេញជារូបរាងឡើងនៅក្នុងសុន្ទរកថាជាលើកដំបូងរបស់លោក ទៅកាន់សភាជាតិអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ(ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន)ហើយនាឱកាសនោះលោកប្រធានាធិបតីក៏បានជំរុញឲ្យមានការរឹតបន្តឹងបន្ថែមទៅលើការបញ្ហាអន្តោប្រវេសន៍  ដែលជាកត្តាដ៏សំខាន់សម្រាប់ធានាឲ្យបាននូវការងារក៏ដូចជាសន្តិសុខនៅក្នុងប្រទេស។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មានChannelNewsAsiaនៅមុននេះបន្តិចនារសៀលថ្ងៃពុធទី០១ខែមីនាឆ្នាំ២០១៧។ក្នុងអំឡុងរយៈពេល៤០ថ្ងៃដំបូងនៅសេតវិមាន ប្រធានាធិបតីអាមេរិកថ្មីរូបនេះ បានផ្តោតការយកចិត្តដាក់សំខាន់ទៅលើការសន្យារបស់លោកដែលថានឹងគិតគូរអំពីផលប្រយោជន៍របស់ប្រជាជាតិអាមេរិកមុនគេបង្អស់ ប៉ុន្តែលោក ដូណាល់ ត្រាំ ពុំទាន់បានប្រែក្លាយចក្ខុវិស័យប្រជានិយមរបស់លោកឲ្យទៅជាធាតុពិតជាក់ស្តែងតាមនីតិវិធីច្បាប់នៅឡើយទេ។ ប៉ុន្តែនៅពេលនេះលោក ត្រាំ បានធ្វើដំណើរទៅកាន់វិមានកាពីតូល (Capitol Hill) ដើម្បីធ្វើការកោតសរសើរចំពោះមោទនភាពជាតិថ្មី និងអំពាវនាវឲ្យសមាជិកសភាទាំងអស់ចូលរួមសាមគ្គីក៏ដូចជាគាំទ្រគំរោងរបស់លោក ក្នុងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងបទបញ្ញតិនៃវិស័យឧស្សាហកម្ម រួមទាំងពន្ធផងដែរ។

លោក ដូណាល់ ត្រាំ បានថ្លែងដូច្នេះថា «ទំព័រប្រវត្តិសាស្រ្តដ៏ថ្មីសន្លាងមួយនៃភាពអស្ចារ្យរបស់សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមបើកហើយនាពេលនេះ... មោទនភាពជាតិថ្មីក៏កំពុងតែរីកសាយភាពយទូទាំងប្រជាជាតិរបស់យើង ហើយជាការកើនឡើងថ្មីនៃភាពសុទិដ្ឋិនិយមកំពុងតែដាក់ក្តីស្រមៃដែលទំនងជាមិនអាចទៅរួចនានានៅក្នុងដីរបស់យើងយ៉ាងរឹងមាំ»។

បន្ថែមពីនេះលោក ត្រាំ បានសន្យាទៀតថានឹងសន្សំសំចៃថវិកាឲ្យបានរាប់ពាន់លានដុល្លារតាមរយៈការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍។ គួរបញ្ជាក់ថាយោងតាមសម្តីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍គឺជាកត្តាដ៏ចម្បងដើម្បីជំរុញភាពមានការងារធ្វើក៏ដូចជាប្រាក់បៀវត្សរ៍របស់ប្រជាជនអាមេរិក ហើយជួយកាត់បន្ថយឧក្រិដ្ឋកម្ម។

ប៉ុន្តែព្រមពេលជាមួយគ្នាលោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងបង្កើតប្រព័ន្ធអន្តោប្រវេសន៍ថ្មីដែលផ្អែកលើចំណេះដឹង ដើម្បីដាក់កម្រិតលើជនអន្តោប្រវេសន៍ថ្មីដែលមកកាន់ទឹកដីអាមេរិក និងកាត់បន្ថយការហូរចូលនៃពលករដែលគ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់។ លោក ត្រាំ បានគូសបញ្ជាក់ថាប្រព័ន្ធអន្តោប្រវេសន៍ដូចប្រទេសអូស្រ្តាលីនឹងអាចសន្សំសំចៃថវិកាជាច្រើនរាប់មិនអស់ និងដំឡើងប្រាក់ឈ្នួលរបស់ពលករ ព្រមទាំងជួយគ្រួសារជួបទុក្ខលំបាកដោយរួមបញ្ចូលទាំងក្រុមគ្រួសាររបស់ជនអន្តោប្រវេសន៍មានជីវភាពធូរធារជាងមុន៕

 

ដកស្រង់ពី៖ Fresh News