Social Network

កងទ័ពវៀតណាម «ប្រារព្ធពិធី​ទទួលនាវា​មុជទឹក​០២គ្រឿងទៀត​​ពីរុស្ស៊ី យ៉ាងគគ្រិក​គគ្រេង!»

(ហាណូយ)៖ ពិធីលើកទង់ជ័យ ដ៏គគ្រិកគគ្រេងមួយ ត្រូវបានប្រារព្ធឡើងនាថ្ងៃអង្គារនេះ សម្រាប់នាវាមុជទឹកចំនួនពីរគ្រឿង ដែលទើបទទួលបាននាពេលថ្មីៗនេះ  ក្នុងកំពង់ផែយោធាមួយកន្លែង របស់កងពលតូចនាវាមុជទឹកលេខ១៨៩ ដែលស្ថិតនៅខេត្តតំបន់ឆ្នេរ Khanh Hoa ភាគកណ្តាលឈៀងខាងកើត នៃប្រទេសវៀតណាម។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ នាវាមុជទឹកទាំងពីរគ្រឿងខាងលើ ដែលមានឈ្មោះថា Da Nang និង Ba Ria-Vung Tua គឺជាចំនួនចុងក្រោយបង្អស់ នៅក្នុងចំណោមនាវាមុជទឹកប្រភេទ Kilo ទាំង០៦គ្រឿងដែលវៀតណាមបានធ្វើការបញ្ជាទិញពីប្រទេសរុស្ស៊ី បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃជិតពីរពាន់លានដុល្លារសហរដ្ឋអាមេរិករវាងវៀតណាមនិងរុស្ស៊ីកាលពីឆ្នាំ២០០៩។ថ្លែងនៅក្នុងពិធីនេះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា ការទទួលបាននាវាមុជទឹកថ្មីនេះ  បានផ្តល់ទំនុកចិត្ត ក៏ដូចជា ការជឿជាក់យ៉ាងរឹងមាំថែមទៀត ដល់ផែនការយុទ្ធសាស្រ្តរបស់ប្រទេស ដែលបានសំដៅពង្រឹងសមត្ថភាពការពារជាតិ នៅតាមផ្ទៃសមុទ្រ និងជំរុញសមត្ថភាព កងទ័ពយោធាជើងទឹករបស់វៀតណាម មិនឲ្យចាញ់កងទ័ពជើងទឹក ប្រទេសដទៃៗទៀតនៅក្នុងតំបន់ និងជុំវិញពិភពលោកនោះឡើយ។

គួរបញ្ជាក់ថា សរុបមកប្រទេសវៀតណាម បានទទួលនាវាមុជទឹកផលិតឡើងដោយរុស្ស៊ីចំនួន ០៦គ្រឿងកាលពីខែមករា និងមីនា ឆ្នាំ២០១៤ ព្រមទាំងខែកុម្ភៈនិងមិថុនា ឆ្នាំ២០១៥ ក៏ដូចជាខែកុម្ភៈ ឆ្នាំ២០១៦ និងខែមករា ឆ្នាំ២០១៧។ នាវាមុជទឹកនិមួយៗមានបណ្តោយប្រវែងជិត៧៤ម៉ែត្រ និង ទម្ងន់ពី៣,០០០ទៅ៣,៩៥០តោន ហើយពួកវាមានសមត្ថភាព ធ្វើប្រតិបត្តិការនៅក្នុងជម្រៅទឹកជាអតិបរមា៣០០ម៉ែត្រ ជាមួយនិងល្បឿនជាង៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចផ្ទុកសហសេវិកចំនួន៥២នាក់បាន៕

ដកស្រង់ពី៖ Fresh News