Social Network

ពេលនេះ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង បានទៅដល់ទីក្រុងប៉េកាំង​ហើយ ដោយមិនដឹងថាមានគោលដៅអ្វីឲ្យបាកដ!

(សេអ៊ូល)៖ មន្ត្រីការទូតជាន់ខ្ពស់ កូរ៉េខាងជើងមួយរូប បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ ហើយដែលវា ជាដំណើរទស្សនកិច្ច លើកដំបូង គិតចាប់តាំងពី ខែមិថុនា ឆ្នាំ២០១៦ ធ្វើឡើងនៅបន្ទាប់ពីចិន បានសម្រេចចិត្តផ្អាកការនាំចូលធ្យូងថ្ម ពីទីក្រុងព្យុងយ៉ាង នៅក្នុងក្របខ័ណ្ឌ នៃការអនុវត្តន៍សេចក្ដីសម្រេច ដាក់ទណ្ឌកម្ម នៃក្រុមប្រឹក្សាសន្តិសុខយូអិន។

នេះបើតាមទីភ្នាក់ងារ Kyodo ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាម Kyodo អនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង លោក រី គីលសុង (Ri Kil Song) បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ខណៈគេពុំទាន់ដឹងនៅឡើយ ពីរបៀបវារៈ នៃដំណើរទស្សនកិច្ចរបស់លោក។ក៏ប៉ុន្តែលោក រី ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាការងារ ជាមួយមន្ត្រីជាន់ខ្ពស់ចិន ស្របពេលទំនាក់ទំនងរវាង  មហាមិត្តទំាងពីរ  កំពុងជួបភាពតានតឹងដោយសារតែ ទីក្រុងប៉េកាំង បានសម្រេចចិត្តផ្អាក ការនំាចូលធ្យូងថ្មពីកូរ៉េខាងជើង ដែលបានចាត់ទុកថាការសម្រេចចិត្តបែបនេះ បានបង្ហាញពីភាព មិនស្មោះត្រង់របស់ចិននិងគ្រាន់តែជាការធ្វើតាមបង្គាប់បញ្ជាទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះ។ដូច្នេះនៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់ចិនលោករីទំនងជានឹងលើកយកបញ្ហានេះមកពិភាក្សាក៏ដូចជាចង់បញ្ជាក់ឱ្យច្បាស់ពីគោលជំហររបស់ទីក្រុងប៉េកាំងចំពោះរបបដឹកនាំលោក គីម ជុងអ៊ុន។

គួររំលឹកថាកាលពីសប្ដាហ៍មុន នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យចិន ដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងកូរ៉េខាងជើង ដោយលោកថែមទំាងនិយាយទៀតថា ចិនអាចដោះស្រាយបញ្ហាកូរ៉េខាងជើង បានយ៉ាងងាយស្រួល បើសិនជាចិន ចង់ធ្វើវាមែននោះ។ ទោះបីជាយ៉ាងណា ទីក្រុងប៉េកាំង បានច្រានចោលការដាក់សម្ពាធ ពីលោក ត្រាំ ចំពោះតួនាទីរបស់ខ្លួន នៅក្នុងសំណុំរឿងកូរ៉េខាងជើង  ដោយបញ្ជាក់ថា បញ្ហាដែលកំពុងកើតឡើងគឺជាជម្លោះរវាង កូរ៉េខាងជើង និង សហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News