Social Network

រាជទាយាទជប៉ុន «ប្រកាសត្រៀម​លក្ខណៈ​​រួចរាល់ ដើម្បីស្នង​រាជ្យបន្ត​ពីព្រះបិតា» ខណៈព្រះចៅអធិរាជ គ្រោងនឹង​ដាក់រាជ្យ​នៅឆ្នាំ២០១៨!

(តូក្យូ)៖ ព្រះអង្គម្ចាស់ជប៉ុន ណារុហ៊ីតុ (Naruhito) មានព្រះជន្ម៥៦ព្រះវស្សា បានមានព្រះបន្ទូលថា ទ្រង់បានត្រៀមលក្ខណៈ រួចរាល់ហើយ ដើម្បីធ្វើជា ព្រះចៅអធិរាជ បន្ទាប់ពីព្រះបិតារបស់ទ្រង់ គឺព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) គ្រោងនឹងដាក់រាជ្យ នៅឆ្នាំក្រោយនេះ។

ទន្ទឹមគ្នានោះដែរទ្រង់ ណារុហ៊ីតុ បានសន្យាថា នឹងក្លាយជា ព្រះចៅអធិរាជជប៉ុន ដូចព្រះបិតា ដែលចែករំលែកការឈឺចាប់ និងភាពសប្បាយរីករាយ ជាមួយប្រជាជនរបស់ទ្រង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

បច្ចុប្បន្នរដ្ឋាភិបាលជប៉ុន កំពុងពិចារណាថា តើត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីអាចឱ្យទ្រង់ អាគីហ៊ីតុ ដាក់រាជ្យ ដោយស្របច្បាប់ ក្រោយព្រះអង្គផ្ទាល់ បានបង្ហាញព្រះទ័យដាក់រាជ្យនេះ កាលពីខែសីហា ឆ្នាំ២០១៦ ក្រោមហេតុផលព្រះជន្ម៨៣ព្រះវស្សា និង បានទទួលការវះកាត់ជំងឺបេះដូង ដែលកំពុងស្ថិតនៅក្រោម ការព្យាបាលព្រះរោគមហារីកក្រពេញប្រូស្ដាត។

ដោយឡែកកាលពីខែមករា កន្លងទៅសារព័ត៌មាន នៅក្នុងស្រុកបានចុះផ្សាយថា ព្រះចៅ អាគីហ៊ីតុ អាចនឹងដាក់រាជ្យនៅឆ្នាំក្រោយនេះ រីឯព្រះអង្គម្ចាស់ ណារុហ៊ីតុ អាចនឹងឡើងសោយរាជ្យនៅខែមករា ឆ្នាំ២០១៩ ខណៈរដ្ឋាភិបាលជប៉ុននឹងដាក់ច្បាប់ពិសេស ស្ដីពីដាក់ រាជ្យជូនសភាពិនិត្យ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ទ្រង់ ណារុហ៊ីតុ មានបន្ទូលដូច្នេះថា « ក្នុងនាមជានិមិត្តរូបតំណាងឱ្យរដ្ឋ និង ប្រជាជនជប៉ុន ខ្ញុំនឹងធ្វើជាព្រះចៅអធិរាជ ដូចព្រះបិតារបស់ខ្ញុំ (...) ខ្ញុំនឹងចែករំលែករឿងឈឺចាប់ និងភាពរីករាយ ជាមួយនឹងប្រជាជន»។

គួរបញ្ជាក់ថា ពេលវេលាចុងក្រោយ នៃការដាក់រាជ្យ នៃព្រះចៅអធិរាជប៉ុន ធ្វើឡើងកាលពីឆ្នាំ១៨១៧ ហើយចាប់ពីពេលនោះមក ការដាក់រាជ្យបែបនេះមិនត្រូវបានអនុញ្ញាតទៀតនោះទេ៕

ដកស្រង់ពី៖ Fresh News