Social Network

កូរ៉េខាងជើង​​អំពាវនាវឲ្យ «ដោះលែងជន​​សង្ស័យទាំង០៣នាក់​​ជាបន្ទាន់!» ពាក់ព័ន្ធ​ករណីឃាតកម្ម​​លើលោក គីម ជុងណាំ!

(គូឡាឡាំពួរ)៖ ស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានចេញសេចក្តីអំពាវនាវមួយ ឲ្យសមត្ថកិច្ចធ្វើការដោះលែង ជនសង្ស័យដែលកំពុងជាប់ឃុំ ចំនួនបីនាក់ជាបន្ទាន់ ដោយទូតកូរ៉េខាងជើងអះអាងថា ការចាប់ឃុំខ្លួនពួកគេ គឺត្រូវបានធ្វើឡើងដោយគ្មានហេតុផលអ្វីទាំងអស់។

នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅរសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។ ជនសង្ស័យទាំងបីនាក់ ដែលកូរ៉េខាងជើងទាមទារឲ្យដោះលែងនោះ មានដូចជា ស្ត្រីជនជាតិវៀតណាមម្នាក់, ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់, និង បុរសកូរ៉េខាងជើងម្នាក់ផងដែរ។ លោក គីម ជុងណាំ បងប្រុសរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ត្រូវបានគេធ្វើឃាត នៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ខណៈដែលលោក គីម ជុងណាំ គ្រោងធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាវ ប្រទេសចិនវិញនៅថ្ងៃទី១៣ ខែកុម្ភៈនោះ។រហូតមកទល់នឹងពេលនេះ រឿងក្តីលោក គីម ជុងណាំ នៅតែបន្តការប្រទាញប្រទង់ ខណៈសមត្ថកិច្ចម៉ាឡេស៊ី ទើបកំណត់បានជនសង្ស័យពីររូបទៀត ដែលសុទ្ធតែជាជនជាតិកូរ៉េខាងជើង ក្នុងនោះរួមមានទាំង មន្ត្រីទូតកូរ៉េខាងជើងម្នាក់ផងដែរ។

ប៉ុន្តែរឿងប៉ូលិស ស្នើសុំសួរចម្លើយមន្ត្រីទូតកូរ៉េខាងជើង ដ៏គួរឲ្យសង្ស័យរូបនោះ នៅមិនទាន់ទទួលបានការអនុញ្ញាត ពីស្ថានទូតកូរ៉េខាងជើងនោះឡើយ។ បន្ថែមពីនេះ អាជ្ញាធរក៏មិនទាន់មានព័ត៌មានស្តីពីសាច់ញាតិលោក គីម ជុងណាំ មកស្នើសុំធ្វើតេស្ត DNA ដើម្បីទទួលយកសាកសពលោកនៅឡើយដែរ៕

ដកស្រង់ពី៖ Fresh News